ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជាចោរឆក់កាបូបយ៉ាងសកម្ម៣នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនក្រុមជនសង្ស័យជាចោរឆក់កាបូបទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្តនៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២នេះ។

    លោកអធិការក្រុងប៉ោយប៉ែតមានប្រសាសន៍ថា  កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានពលរដ្ឋរាយការណ៍ថា មានករណីចោរឆក់នៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

ជនរងគ្រោះឈ្មោះ ផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿងមកពីក្រោយជនរងគ្រោះ ហើយពេលមកដល់ទន្ទឹមគ្នានឹងម៉ូតូនារីរងគ្រោះក៏បានធ្វើសកម្មភាពឆក់យកកាបូបតែពុំបានសម្រេច ហើយម៉ូតូជនសង្ស័័យដែលធ្វើសកម្មភាពឆក់នោះ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះផេង ភេទប្រុស បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ស្រមោលទៅ ចំណែកឈ្មោះញ៉ា ភេទប្រុសដែលជិះម៉ូតូមួយគ្រឿងទៀតពីក្រោយជាអ្នកឆក់នោះក៏ជ្រុលទៅបុកគូទឡានគេចតទុកបណ្ដាលឱ្យដួលរត់ចោលម៉ូតូ។

ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ្ស៊ូមើរ-អុិច ពណ៌ទឹកក្រូច-ស បើកបរដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូបច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួនភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  (ឃាត់ខ្លួន) និងឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជិះពីក្រោយ (ឃាត់ខ្លួន)។ 

ក្រោយពីទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាហ្ស៊ូមើរ-

អុិចមកក្បែរកន្លែងកើតហេតុ ទើបកម្លាំងយើងធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូចំនួន២គ្រឿងខាងលើយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង បានឆ្លើយសារភាពថា  ខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់យកកាបូបគេពិតប្រាកដមែន។

លោកអធិការបន្ថែមថា  លុះមកដល់វេលាម៉ោង១០និង០០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ភ្លាមនោះកម្លាំងយើងបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់យកកាបូបគេនៅមុខអាហារដ្ឋានវ៉ាយ មែន។

លោកបញ្ជាក់បន្ថែមថាសំណូមពររបស់ជនរងគ្រោះសូមឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់ក្រោយពីសួរនាំនិងកសាងសំណុំរឿងរួចបានបញ្ជូនទៅស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖