ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុង១៧៥គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ត្រៀម ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជុំបិណ្ឌ !

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គឺ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា អនុវត្ត តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ រថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ក្នុងនោះ៖

១. សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្ត ក្រុង ៥៥គ្រឿង ។

២. សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅតាមបណ្ដាខេត្ត និងត្រលប់មករាជធានីភ្នំពេញវិញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង ដោយចេញដំណើរចាប់ពី ម៉ោង ៥:៣០នាទីព្រឹក។

ចំពោះទីតាំងចេញដំណើរទៅតាមបណ្តាខេត្ត រដ្ឋបាលរាជធានីភ្នំពេញរៀបចំដូចខាងក្រោមតាមតារាងក្នុងសេចក្តីជូនដំណឹង ៖

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់ រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជ័រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការ ជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរ តាមរថយន្តក្រុង (City Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី ភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖