ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ទោ វេ គឺមចត់ អធិការនគរបាល ស្រុកកំរៀង នៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំរៀងព្រមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន បានស្ទាក់បង្រ្កាបករណីលួចនាំយកម៉ូតូចូលមកពីទឹកដីប្រទេសថៃដោយខុសច្បាប់ចំនួន០២គ្រឿង។
ក្នុងប្រតិបត្តិការចុះបង្ក្រាប កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូចំនួន២គ្រឿង ទី១,ម៉ាកហុងដា ស៊ីភីអិច(cpx)ស៊េរីឆ្នាំ2022ពណ៌ក្រហម ០១គ្រឿងដែលមានលេខម៉ាស៊ីន5146460គ្មានស្លាកលេខ និងពណ៌សមួយគ្រឿងដែលមានលេខម៉ាស៊ីន1175646គ្មានស្លាកលេខត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណលួចនាំចូលតាមច្រករបៀងមកក្នុងប្រទេសកម្ពុជានៅចំណុចភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
សូមជម្រាបថា នៅមុនពេលប្រទះឃេីញម៉ូតូខាងលេីនេះ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង័្សយនោះទេ ខណៈពួកគេដឹងខ្លួនមុនរួចបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូចំនួន ០២គ្រឿង ដូចមានភិនភាគខាងលើនៅហ្នឹងកន្លែង ។
បច្ចុប្បន្នម៉ូតូទាំង០២គ្រឿងសមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យសមត្ថកិច្ចគយនិងរដ្ឋាករចាត់ការតាមនីតិវិធី រីឯមុខសញ្ញាលួចនំាចូលម៉ូតូនេះ សមត្ថកិច្ចនគរ បាលស្រុកកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ៕
ដោយ៖សហការី