ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោល​ ឃាត់ខ្លួន​មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមលំនៅដ្ឋានម្នាក់​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បុរសម្នាក់​ ដែលជាមុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមលំនៅដ្ឋាន​យ៉ាងសកម្ម​ អស់លក្ខណ៍​ត្រូវ​បានកម្លាំង​នគរបាល​ស្រុកថ្មគោល​ ចាប់ឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​ កាលពីវេលាម៉ោង​ ០៣​ និង​១៥ទៀបភ្លឺថ្ងៃអង្គារទី១៣ ខែកញ្ញា​ ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

យោង​តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកថ្មគោល​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​  មានករណីលួច(ដែកគ្រឿងចាក់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវ)បង្កឡើងដោយជនសង្ស័យម្នាក់​ ឈ្មោះ ហាំ ពិសិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិបឹងព្រីងឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង បានធ្វើសកម្មភាពចូល​លំ​នៅដ្ឋានលួចយកដែករបស់ជនរងគ្រោះឈ្មោះ មិន ភាព ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបាត់បង់ ដែកគ្រឿងអាត់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវចំនួន២០ដុំ គ្រឿងប៊ូឡុងថ្មីចាស់មួយចំនួនធំ។

របាយការណ៍​ដដែល​បន្តថា​ ក្រោយពេលកើតហេតុ ជនរងគ្រោះដឹងថា មានសកម្មភាពលួចកើតឡើងក្នុងលំនៅដ្ឋានរបស់ខ្លួន ក៏បានរាយការណ៍ប្តឹងមកសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុក បានដឹកនាំធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរួចឈានដល់ការឃាត់ខ្លួនឈ្មោះ ហាំ ពិសិទ្ធ នៅភូមិបឹងព្រីងឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង ហើយធ្វើការដកហូតទ្រព្យសម្បត្តិខាងលើ ប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្ន​ជនសង័្សយបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖