ខេត្តមណ្ឌលគិរី ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះមានការកត់សម្គាល់ថាភ្ញៀវភ្ញៀវទេសចរណ៍ទៅកំសាន្តនៅខេត្តមណ្ឌលគិរីខ្លះៗឡើងវិញគួរឲ្យកត់សម្គាល់។ដោយសារជារដូវបុណ្យទានផងសម្រាប់ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមានអ្នកទេសចរមួយចំនួនចូល ទៅលេងកម្សាន្តហើយ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចខេត្តនក៏បានរៀបចំត្រៀមទទួលភ្ញៀវជានិច្ចផងដែរ ជាមួយការណែនាំរបស់មន្ត្រីទេសចរណ៍ កុំឱ្យមានការដំឡើងថ្លៃសេវាកម្ម។
នៅថ្ងៃទី១៣ ខែកញ្ញា នេះ គោលដៅទេសចរមួយចំនួន ក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរតិចតួចទៅលេងកម្សាន្ត ដូចជារមណីយដ្ឋានភ្នំដោះក្រមុំនិងសមុទ្រឈើ ជាដើម។ ទោះបីជាភ្ញៀវមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែល្អប្រសើរជាងអំឡុងពេលភ្ជុំបិណ្ឌឆ្នាំមុន ដែលកូវីដ -១៩ កំពុងរាតត្បាតខ្លាំង ពុំមានអ្នកទេសចរទៅលេងកម្សាន្តតែម្ដង ។ បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុនោះគេសង្កេតឃើញថាក្រុងសែនមនោរម្យហាក់ដូចជាស្ងាត់មិនមានភ្ញៀវទេសចរណ៍នោះទេ។
ភ្ញៀវទេសចរ ដែលទៅលេងខេត្តមណ្ឌលគិរីច្រើនដងនិយាយថា ខេត្តមណ្ឌលគិរី មានបរិយាកាសល្អ គួរជាទីកម្សាន្តមិនធុញទ្រាន់នោះទេ ហើយអ្វីដែលប្លែកនោះគឺខេត្តមណ្ឌលគិរីបច្ចុប្បន្ន សង្កេតឃើញ មានResortស្អាតៗ ដែលសង់លើកំពូលភ្នំ មើលទៅពិតជាមានភាពទាក់ទាញ ។ ជាពិសេសទេសភាពវាលស្មៅនៅលើកំពូលភ្នំដ៏គួរឲ្យទាក់ទាញគឺជាការប៉ងប្រាថ្នារបស់ភ្ញៀវទេសចរណ៍ដែលចង់ទៅកំសាន្តនៅខេត្តមណ្ឌលគិរី។
លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា អំឡុងពេលភ្ជុំបិណ្ឌ កាន់បិណ្ឌ នេះ ភ្ញៀវទេសចរ មិនទាន់ច្រើនទេ ប្រហែលក្រោម១ពាន់នាក់ បើគិតត្រឹមសប្ដាហ៍ទី១ នៃខែកញ្ញានេះ ប៉ុន្តែបើធៀបនឹង ឆ្នាំ២០២១ មានការកើនឡើងខ្លះ ព្រោះពេលនោះស្ថិតក្នុងវិបត្តិកូវីដ-១៩។ លោកស្រីកត់សម្គាល់ថាមានសញ្ញាកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នៅក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំនាពេលខាងមុខ។
លោកស្រី បានបញ្ជាក់ថា មន្ត្រីជំនាញ បានជូនដំណឹងទៅគ្រប់បណ្ដាផ្ទះសំណាក់ សណ្ឋាគារ អំពីសារាចររបស់ ក្រសួងទេសចរណ៍ ស្ដីពីសណ្ដាប់ធ្នាប់,សុវត្ថិភាពសុខាភិបាល និងជូនដំណឹងមិនឲ្យម្ចាស់អជីវកម្មស្នាក់ នៅទាំងនោះ លួចដំឡើងថ្លៃបន្ទប់នោះទេ ។ វិធានការទាំងនេះរួមចំណែកទាក់ទាញភ្ញៀវទេសចរឲ្យវិលត្រឡប់មកកាន់ខេត្តមណ្ឌលគិរីជាថ្មីម្ដងទៀត។
ខេត្តមណ្ឌលគិរី នារដូវកាលនេះ គឺមានភាពស្រស់បំព្រង ដោយសារសម្រស់វាលស្មៅពណ៌បៃតង លាតសន្ធឹងតាម កំពូលភ្នំ ជាទិដ្ឋភាពដែលអ្នកទេសចរគ្រប់គ្នាចង់ទស្សនា ៕
ដោយ៖ សូរិយា