ព័ត៌មានទាន់ហេតុការណ៍៖

ព្យះ Muifa ចូលដល់ដីគោកតំបន់ភាគខាងកើតប្រទេសចិន ពលរដ្ឋ១,៦លាននាក់ត្រូវភៀសខ្លួន

ចែករំលែក៖

នៅថ្ងៃទី១៥ខែកញ្ញា ព្យុះ Muifaបានបោកបក់ចូលដល់ដីគោកក្នុងទីក្រុងសៀងហៃ និងតំបន់ភាគខាងកើតប្រទេសចិនដោយមានល្បឿនខ្យល់ដល់ទៅ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាលើកទីពីរហើយដែលព្យុះ Muifa ចូលដល់ក្នុងតំបន់នោះ ដោយមានភ្លៀងធ្លាក់ខ្លាំង ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ មានពលរដ្ឋ១,៦លាននាក់រងផលប៉ះពាល់ដោយព្យុះខាងលើ។
សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះបានផ្សាយថា ខ្យល់បក់ខ្លាំងនិងមានភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនដែលមានប្រជាជនរស់នៅច្រើន នៅថ្ងៃទី១៥ខែកញ្ញានេះបន្ទាប់ពីព្យុះទីហ្វុង Muifa បង្ខំឱ្យមនុស្សចំនួន ១.៦លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបិទជើងហោះហើរសំខាន់ៗរបស់អាកាសយានដ្ឋានទីក្រុងសៀងហៃ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា Muifa គឺជាព្យុះស៉ីក្លូនត្រូពិក ដែលមានឥទ្ធិពលខ្លាំងបំផុត គិតចាប់តាំងពីការធ្វើកំណត់ត្រាចាប់ផ្តើមនៅឆ្នាំ១៩៤៩។ ទោះជាយ៉ាងណា ភ្លាមៗនោះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីមនុស្សស្លាប់ឬរបួស ដោយគ្រោះធម្មជាតិនេះនៅឡើយទេ។ ប៉ុន្តែមនុស្សយ៉ាងហោចណាស់ចំនួន ៤២៦,០០០នាក់ ក្នុងទីក្រុងសៀងហៃត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈ ១.២លាននាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅជម្រកបណ្តោះអាសន្ន នៅក្នុងខេត្ត Zhejiang ដែលស្ថិតនៅជិតទីក្រុងនេះ។
រលកធំៗត្រូវបានគេមើលឃើញថា កំពុងបោកបក់សន្ធាប់មកលើបណ្តោយឆ្នេរនៅជាប់ឈូងសមុទ្រ ហាងចូវ Hangzhou នៅភាគខាងត្បូងទីក្រុងសៀងហៃ ហើយមានគ្រោះបំណាក់ដីត្រូវបានរាយការណ៍ថា កើតឡើងនៅស្រុក Ninghai របស់ខេត្តហ្ស៉ីជាំង។
តាមការព្យាករនៅថ្ងៃព្រហស្បតិ៍នេះ បានចាត់ថ្នាក់ព្យុះទីហ្វុង Muifa ធ្លាក់មកនៅត្រឹមជាព្យុះត្រូពិកខ្លាំងមួយ ប៉ុន្តែវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងការជន់លិចភ្លាមៗនៅទូទាំងខេត្តមួយចំនួន ខណៈដែលព្យុះនេះបាននិងកំពុងរំកិលទៅភាគខាងជើង ឆ្លងកាត់ខេត្តជាប់ឆ្នេរសមុទ្រ ដែលមានប្រជាជនរស់នៅច្រើន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ REUTERS​)


ចែករំលែក៖