ព័ត៌មានទាន់ហេតុការណ៍៖

ឈីលីអំពាវនាវឲ្យ FIFA ដកអេក្វាឌ័រចេញពីការប្រកួត World Cup

ចែករំលែក៖

FIFA កាលពីថ្ងៃសុក្រ ថ្ងៃទី១៦ ខែកញ្ញាបានច្រានចោលការប៉ុនប៉ងរបស់ឈីលី និងប៉េរូដែលស្នើឱ្យដកអេក្វាឌ័រ ចេញពីការប្រកួត World Cup ជាកន្លែងដែលពួកគេនឹងប្រកួតបើកឆាកជាមួយកាតា។ ពាក្យបណ្តឹងនេះផ្តោតលើ Byron Castillo ដែលជាខ្សែការពារបានលេងក្នុងវគ្គជម្រុះចំនួន៨របស់អេក្វាឌ័រសម្រាប់ការប្រកួតជម្រុះ World Cup ។

សហព័ន្ធបាល់ទាត់ឈីលី (FFCH) បានប្រកាសថា មានភស្តុតាងដែលថា Castillo ដែលលេងឱ្យ Leon នៅម៉ិកស៊ិក កើតនៅប្រទេសកូឡុំប៊ីក្នុងខែកក្កដា ឆ្នាំ១៩៩៥ ហើយមិនមែននៅ Playas របស់ប្រទេសអេក្វាឌ័រក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៨ទេ។ FFCH បានចោទប្រកាន់ថា ការប្រើប្រាស់សំបុត្រកំណើតក្លែងក្លាយ ការប្រកាសអាយុ និងសញ្ជាតិក្លែងក្លាយ”។

បន្ទាប់​ពី​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គណៈកម្មាធិការ​ឧទ្ធរណ៍​របស់ FIFA បាន​បញ្ជាក់​ពី​ការ​សម្រេច​មុន​ដោយ​គណៈកម្មាធិការ​វិន័យ។​ FIFA ប្រកាសថា “ផ្អែកលើឯកសារដែលបានបង្ហាញ កីឡាករត្រូវចាត់ទុកថាមានសញ្ជាតិអេក្វាឌ័រអចិន្ត្រៃយ៍”។

FFCH បានប្រតិកម្មដោយកំហឹងដោយនិយាយថា Castillo បានបដិសេធមិនបង្ហាញខ្លួននៅក្នុងសវនាការ។ នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់បាល់ទាត់ និងសម្រាប់ភាពជឿជាក់នៃប្រព័ន្ធ។ ពិភពបាល់ទាត់បានឮកីឡាករម្នាក់ដែលបានជួយអេក្វាឌ័រមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FIFA World Cup សារភាពថា គាត់បានកើតនៅប្រទេសកូឡុំប៊ី ហើយគាត់ទទួលបានលិខិតឆ្លងដែនអេក្វាឌ័រដោយប្រើព័ត៌មានមិនពិត។

លោក Jorge Yunge អគ្គលេខាធិការ FFCH បាននិយាយថា គាត់បដិសេធមិនចូលរួមក្នុងសវនាការរបស់ FIFA ។ ត្រឹមតែរយៈពេលជាង៩សប្តាហ៍ប៉ុណ្ណោះរហូតដល់ការប្រកួតបើកឆាកនៅថ្ងៃទី២០ ខែវិច្ឆិកា ឈីលី ឬប៉េរូនៅតែអាចប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។

លោក Eduardo Carlezzo មេធាវីរបស់ FFCH បាននិយាយថា “ខ្ញុំមិនដែលឃើញពេញមួយជីវិតរបស់ខ្ញុំក្នុងនាមជាមេធាវីមានភាពអយុត្តិធម៌បែបនេះទេ។ ថ្ងៃសោកសៅសម្រាប់បាល់ទាត់ និងសម្រាប់ការលេងដោយយុត្តិធម៌។ សារគឺច្បាស់លាស់ ការបន្លំត្រូវបានអនុញ្ញាត យើងនឹងប្តឹងឧទ្ធរណ៍ទៅ CAS” ។

គួរបញ្ជាក់ថា អេក្វាឌ័របានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងដើម្បីទទួលបានកៅអីដោយស្វ័យប្រវត្តិក្នុងតំបន់ដើម្បីមានសិទ្ធិទៅប្រកួតបាល់ទាត់ពិភពលោកនៅកាតាឆ្នាំនេះ។ ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​កាតា ហូឡង់ និង​សេណេហ្គាល់​នៅ​វគ្គចែកពូល។ ចំណែកប្រទេសប៉េរូបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ និងបានចាញ់ការប្រកួតវគ្គ Playoff ជាមួយអូស្ត្រាលី។ ដោយឡែកឈីលី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៧ដោយ​តាម​ពី​ក្រោយ​អេក្វាឌ័រ​៥​ពិន្ទុ ខណៈដែលខ្សែការពារ Castillo បានបង្ហាញខ្លួននៅក្នុងការប្រកួតរវាងប្រទេសទាំង២ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC/AFP/CNA)


ចែករំលែក៖