ខេត្តបាត់ដំបង ៖ ដំណាំក្រចៅ ដែលគេតែងតែហៅថាសរសៃពណ៌មាស គឺជាប្រភេទរុក្ខជាតិដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ជាផលិតផលឧស្សាហកម្មផ្សេងៗ ដូចជាពួកកន្ទាំងបាយស សំបកប្រើការវេញខ្សែ ខ្សែកន្ទេល បាវក្រចៅ និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនផ្សេងទៀត។ ខណៈប្រជាពលរដ្ឋឃុំព្រែកនរិន្ទ ស្រុកឯកភ្នំមួយចំនួន នៅតែបន្តដាំដំណាំក្រចៅជាលក្ខណៈ គ្រួសារ ដែលដំណាំនេះជាប្រភពចំណូលមួយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។
បេីតាមការបញ្ជាក់ពីអ្នកស្រី ពុច សុវណ្ណ អាយុ៥៩ឆ្នាំ រស់នៅភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បាននិយាយថា ពេលទំនេរពីការងារស្រែចម្ការ បានចាប់យកការ ដាំដំណាំក្រចៅជាង១០ឆ្នាំមកហើយៗបានឱ្យដឹងថា តម្លៃដំណាំក្រចៅឆ្នាំនេះលក់បានថ្លៃជាងឆ្នាំកន្លងទៅ ដោយបានក្នុងមួយគីឡូតម្លៃ៩០០០រៀល ខុសពីមុនបានត្រឹមតែ៣៥០០រៀលទៅ ៤០០០រៀលប៉ុណ្ណោះ ។ អ្នកស្រីបន្ថែមថា ដំណាំក្រចៅឆ្នាំនេះ មានឈ្មួញចូលមកទិញ ដោយមានតម្លៃថ្លៃ ដោយសារអ្នកភូមិមិនសូវ មានអ្នកដាំនោះទេនាពេលបច្ចុប្បន្ន ស្របពេលដែលមានតម្រូវការច្រើនពីឈ្មួញ ។
អ្នកស្រីបន្ដថា ការដំណាំក្រចៅមិនលំបាកថែទាំប៉ុន្មានទេ វាជាដំណាំងាយស្រួលដាំ ដោយយើងអាចដាក់ជី ចោល តិចតូចប៉ុណ្ណោះ សំខាន់ឱ្យតែមានទឹកគ្រប់គ្រាន់ ហើយក្នុងការប្រមូលផលដំណាំក្រចៅចាប់ពី២ខែ កន្លះ ទៅ៣ខែ ។
អ្នកស្រីបន្ថែមថា របៀបធ្វើដំណាំក្រចៅ ដើម្បីអាចលក់បាន យើងកូដយកសំបកវា រួចយកទៅហាលថ្ងៃ ឱ្យស្ងួត ទើបអាចលក់បាន ដោយក្នុងទំហំដីមួយរ៉ៃបានផលចន្លោះពី៣០០គីឡូទៅ៤០០គីឡូ ហើយតម្លៃ ក្នុងមួយគីឡូ៩០០០រៀល ។ ដំណាំក្រចៅនេះ គេអាចយកទៅធ្វើខ្សែអង្រឹង ខ្សែវេចនំ ខ្សែកន្ទេលសម្ភារៈ ផ្ទះបាយ និងឧស្សាហកម្មផ្សេងៗ ។
អ្នកស្រីបានលើកឡើងថា៖ ប្រជាពលរដ្ឋឥឡូវមានតិចតូចប៉ុណ្ណោះ ចំពោះការដាំដំណាំក្រចៅ នេះ ដោយសារគ្មានរោងចក្រផលិតនិងគ្មានទីផ្សារទទួលទិញជាក់លាក់ ។
ជាមួយគ្នានោះលោក ខេង សាវុន មេឃុំព្រែកនរិន្ទ បានឱ្យដឹងដែរថា៖ ឥឡូវនេះដំណាំក្រចៅកូដមាន ការដាំតែជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតិចតូចប៉ុណ្ណោះ ព្រោះគ្មានទីផ្សារទទួលទិញ ដំណាំប្រភេទក្រចៅបោកទៀតនោះទេ ។ប៉ុន្តែបច្ចុប្បន្ននេះនៅមានឈ្មួញទិញយកទៅ វេញកន្ទេល ធ្វើខ្សែចង ត្បាញខ្សែមួក និងជាសម្ភារៈផ្សេងៗ ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្លះដែលកំពុងបន្ដដាំដុះលើដំណាំប្រភេទក្រចៅនេះ ទទូចស្នើសុំឱ្យអាជ្ញាធរ ពាក់ព័ន្ធ ជួយរកទីផ្សារមួយច្បាស់លាស់ ព្រោះការប្រើផលិតផលដំណាំក្រចៅនេះវាក៏អាចជួយកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងអាចបង្ហាញឱ្យឃើញពីអត្តសញ្ញាណដែលជាផលិតផល ក្នុងស្រុកផងដែរ ។
គួរបញ្ជាក់ថា ដំណាំក្រចៅនេះត្រូវបានគេដាំតាំងពីសម័យសង្គមរាស្រ្ដនិយម ដែលមានសម្ដេច ព្រះនរោត្តម សីហនុ ដែលកាលនោះព្រះអង្គជាព្រះប្រមុខរដ្ឋ ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរជាសេដ្ឋកិច្ច សេដ្ឋកម្ម មានកេរ្ដិ៍ឈ្មោះ ព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវ ដ៏ធំទូលំទូលាយ ដែលកើតមានក្នុង ខេត្តបាត់ដំបងជាដំបូងបង្អស់ នាំឱ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗ តែក្រោយមកត្រូវបាន បិទទ្វារ លែងដំណើរការជាង២០ឆ្នាំមកហើយ៕ដោយ៖សហការី
រូបភាព៖ក្រសួងព័ត៌មាន