ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ! កម្លាំងសមត្ថកិច្ចចម្រុះខេត្តតាកែវ​ ចុះបង្ក្រាប និងអប់រំណែនាំបញ្ឈប់សកម្មភាពទីតាំងបើកល្បែងខុសច្បាប់ ជាង៨០០កន្លែង​

ចែករំលែក៖

ខេត្ត​តាកែវ ៖​ កម្លាំងសមត្ថកិច្ចចម្រុះ​ នៅក្នុងខេត្តតាកែវ​ បានចុះពិនិត្យណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ផ្សេងៗ នៅក្នុងខេត្តតាកែវ បានចំនួន៨៦៩ទីតាំង​ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ អ៊ូច ភា អភិបាល​ នៃ​គណៈអភិបាលខេត្តតាកែវ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃអង្គារទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

លោក អ៊ូច ភា បានអះអាងយ៉ាងដូច្នេះថា៖​ “ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានចុះអប់រំណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ដទៃទៀតបានចំនួន៨៦៩ទីតាំងនៅទូទាំងខេត្តតាកែវ”។

លោកអភិបាលខេត្តរូបនេះ​ បានសង្កត់ធ្ងន់ដែរថា៖​ “អភិបាលក្រុងស្រុកត្រូវមានការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើការបង្រ្កាបជាប់ជាប្រចាំតែម្ដង”។ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ លោកនឹងបន្តត្រួតពិនឹត្យនៅគ្រប់មូលដ្ឋានខេត្តតាកែវ ដើម្បីពង្រឹងការអនុវត្តនូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។ 

លោកអភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថា បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ជាទៅដល់ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាពិសេសអភិបាលក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយចុះទៅអប់រំណែនាំ និងបញ្ឈប់ទីតាំងល្បែងខុសច្បាប់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ហើយបើករណីនៅតែលួចបើកដំណើរការបន្ត គឺត្រូវតែបង្រ្កាបតែម្ដង៕

ដោយ​៖សហការី​


ចែករំលែក៖