ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅក្នុងខេត្តតាកែវ បានចុះពិនិត្យណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ផ្សេងៗ នៅក្នុងខេត្តតាកែវ បានចំនួន៨៦៩ទីតាំងក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ នេះបេីយោងតាមការបញ្ជាក់ពីលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២។
លោក អ៊ូច ភា បានអះអាងយ៉ាងដូច្នេះថា៖ “ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានចុះអប់រំណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ដទៃទៀតបានចំនួន៨៦៩ទីតាំងនៅទូទាំងខេត្តតាកែវ”។
លោកអភិបាលខេត្តរូបនេះ បានសង្កត់ធ្ងន់ដែរថា៖ “អភិបាលក្រុងស្រុកត្រូវមានការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើការបង្រ្កាបជាប់ជាប្រចាំតែម្ដង”។ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ លោកនឹងបន្តត្រួតពិនឹត្យនៅគ្រប់មូលដ្ឋានខេត្តតាកែវ ដើម្បីពង្រឹងការអនុវត្តនូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថា បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ជាទៅដល់ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាពិសេសអភិបាលក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយចុះទៅអប់រំណែនាំ និងបញ្ឈប់ទីតាំងល្បែងខុសច្បាប់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ហើយបើករណីនៅតែលួចបើកដំណើរការបន្ត គឺត្រូវតែបង្រ្កាបតែម្ដង៕
ដោយ៖សហការី