ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រហ៊ុន ម៉ានី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១០ រួមគ្នា នៅវត្តអង្គដូនទេពស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមជាមួយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសមាជិកនៃគណៈកម្មការទី៧ ព្រមទាំងអ្នកតំណាងសាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១០ រួមគ្នា នៅវត្តអង្គដូនទេព ស្ថិតនៅឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក ហ៊ុន ម៉ានី និងប្រតិភូគណៈកម្មការ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ

ក្នុងពិធីកាន់បិណ្ឌវេនទី១០នេះ និងបានឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វ ការីជន មានមាតា បិតា និងញាតិកាទាំង៧សណ្ដាន ដែលបានចែកឋានទៅ ព្រមទាំងដួងវិញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក សូមទទួលយកមគ្គផលកាន់បិណ្ឌនេះ ឱ្យបានគ្រប់ៗគ្នា និងសូម ជូន ពរជ័យអ្នកដែលចូលរួមថ្ងៃនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ ។

ព្រះចៅអធិការវត្ត វត្តអង្គដូនទេព មានថេរដីកាថា ការប្រារព្ធពិធីកាន់បិណ្ឌនាពេលនេះ បានបញ្ជាក់ឱ្យឃើញ​ពីការយកចិត្ត​ទុកដាក់ចំពោះព្រះពុទ្ធសាសនា សុខទុក្ខរបស់ព្រះសង្ឃនៅក្នុងរដូវបុណ្យ ហើយក៏បញ្ជាក់ឱ្យឃើញពីភាពសប្បុរស សទ្ធាជ្រះថ្លានិងប្រកាន់មេត្តាធម៌ ចំពោះ បុព្វការីជន គឺវិញាណក្ខ័ន្ធលោកអ្នកមានគុណ មានមាតាបិតា និងញាតិការទាំង៧សណ្ដាន ដែលបានចែកឋានពីលោកនេះ ឱ្យបានទៅកើតទីឋានដ៏ប្រសើរនៅលោកខាងមុខ ហើយក៏បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់បម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយភក្ដីភាពជាទីបំផុត។

ទន្ទឹមនឹងនេះ អ្នកតំណាងរាស្ត្រហ៊ុន ម៉ានី និងជាប្រធានគណៈកម្មការក៏បានជួបសួរសុខទុក្ខ ជូនកុសលផល បុណ្យលោកតា លោកយាយ ជាពុទ្ធបរិស័ទ​ចំណុះជើង វត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកដាក់បិណ្ឌវេនទី១០ នេះ។

សូមអនុមោទនាកុសសផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕​

ដោយ៖ សូរិយា


ចែករំលែក៖