ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំងហើយបើករថយន្តស៊េរីទំនើបបុករះផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តស៊េរីទំនើបម៉ាក Lexus nx-200t មួយគ្រឿងក្នុងល្បឿនលឿនធ្វើឱ្យជ្រុលចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋនិងដើមឈើមួយដើមបាក់រាបដល់ដី ហើយស្លាកប៉ាណូមួយដើមក៏ដួលទ្រេត និងខូចខាតរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តមួយគ្រឿងម៉ាកLexus nx -200t ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BB-0567 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩០០ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូតខាតទ្វារផ្ទះ និងសំយាបផ្ទះ និងរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ដើមឈឺមួយដើមបាក់រាបដល់ដីនិងបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឱ្យទ្រេត ហើយបែកទុយយោទឹក រួមនឹងសម្ភារមួយចំនួនទៀត រីឯរថយន្តបង្លខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឃាត់ខ្លួនអ្នកបើកបរទុកប្រគល់ជូនជំនាញបន្តនីតិវិធី។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសេនជ័យ


ចែករំលែក៖