ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនប្តីចុងដាក់ពន្ធនាគារបណ្តោះអាសន្នពីបទឃាតកម្មគិតទុកជាមុន ករណីចាក់សម្លាប់ប្តីដើមដោយឥទ្ធិពលស្នេហា

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ម៉ម ច័ន្ទវណ្ណៈ កាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ណែម សំអាត ភេទប្រុសអាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាប់ចោទពីបទ. ឃាតកម្មគិតទុកជាមុន ( ប្រើកាំបិតចិតបន្លែចាក់សម្លាប់ជនរងគ្រោះឈ្មោះ អ៉ិន សុខធី ភេទប្រុសអាយុ២៩ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ )ប្រព្រឹត្តនៅចំណុច ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង ប្រមាណ១៩និង០០នាទី តាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ជនត្រូវចោទ ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីរបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា  ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុន គឺផ្តើមចេញពីការបែកបាក់ស្នេហារវាងប្តីដើម និងប្តីចុង ជាមួយប្រពន្ធ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ ណែម សំអាត បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨-២០១៩ ខ្លួនបានស្គាល់ ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ នី សុខុម និងបានរួមរស់ ជាប្តី-ប្រពន្ធជាមួយគ្នាដោយពុំបានរៀបការស្របច្បាប់នោះទេ។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈស្រាប់តែប្រពន្ធខ្លួនបានប្រាប់ថា ចង់សុំបែកគ្នាជាមួយរូបខ្លួន ដោយសារតែនាងបានជួបប្តីដើមឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលធ្លាប់បានរៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់នោះវិញ។ លុះនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួន ( នី សុខុម ) និងឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលជាប្តីដើម បានហៅតាមទូរស័ព្ទអោយរូបខ្លួន ទៅនិយាយគ្នានៅផ្ទះ ដើម្បីនិយាយរឿងបែកគ្នា ខណៈនោះរូបខ្លួនក៏បានជិះម៉ូតូ ដោយមានកូនកាំបិតចុងស្រួចមួយសៀតចង្កេះផង។

 នៅពេលទៅដល់ ដោយសារតែនិយាយមិនត្រូវរ៉ូវគ្នា ក៏បានបង្កជាជម្លោះពាក្យសម្តីខ្លាំងៗ ជាមួយក្រុមគ្រួសារខាងប្តីដើម រហូតឈានដល់ការប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ)  ក៏ស្ទុះមករកខ្លួន គាប់ជួនខ្លួនកាន់កាំបិតចុងស្រួចក្រវីក្រវាត់ត្រូវចំជនរងគ្រោះបណ្តាលឲ្យដួល តែពុំដឹងត្រូវកន្លែងណាខ្លះទេ។ 

បន្ទាប់ពីកើតហេតុរួច រូបខ្លួនក៏ឡើងជិះម៉ូតូគេចខ្លួន និងលាក់ខ្លួនបានមួយយប់ ក៏បន្តជិះរថយន្តគេចខ្លួនទៅខេត្តបាត់ដំបង សម្រាកនៅទីនោះបានមួយយប់មួយថ្ងៃ។ លុះដល់វេលាម៉ោងប្រហែល២៣និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់ខ្លួន នៅចំណុចផ្ទះសំណាក់ ផ្កាយព្រឹក ស្ថិតនៅភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ ធ្វើការចាប់ឃាត់រូបខ្លួនតែម្តង។

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖