សារព័ត៌មាន RT នៅថ្ងៃពុធ ទី២១ ខែកញ្ញា បានដកស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergey Shoigu នៅថ្ងៃពុធនេះដែលបាននិយាយថា រុស្ស៉ីបានបាត់បង់កងទ័ពជិត៦,០០០នាក់ អំឡុងសង្រ្គាមជាច្រើនខែមកនេះនៅអ៊ុយក្រែន ហើយបើតាមការអះអាងរបស់លោក ខាងអ៊ុយក្រែនឯណោះវិញបានបាត់បង់កងទ័ពច្រើនជាងដល់ទៅ១០ដងឯណោះ គឺកងកម្លាំងរបស់ទីក្រុងកៀវជាង៦១,០០០នាក់ ត្រូវបានសម្លាប់។
លោកប្រមុខការពារជាតិរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «មកទល់ពេលនេះ ខាងយើងបានបាត់បង់កម្លាំងទ័ពសរុបចំនួន ៥,៩៣៧នាក់។ ចំណែកខាងអ៊ុយក្រែនវិញ គឺពីដំបូងឡើយអ៊ុយក្រែនមានកម្លាំងប្រដាប់អាវុធ ចន្លោះ២០១,០០០-២០២,០០០
នាក់ ហើយចាប់តាំងពីពេលនោះមកពួកគេបានបាត់បង់កងកម្លាំងខ្ទង់ ១០០,០០០នាក់ ដោយ៦១,២០៧នាក់បានស្លាប់ និង៤៩,៣៦៨នាក់ បានរងរបួស»។ លោក ស៊ុយហ្គូ បានបន្ថែមថា ចាប់តាំងពីពេលនោះមក ទីក្រុងកៀវក៏បានកេណ្ឌទ័ពរាប់សែននាក់បន្ថែមផងដែរ។
នេះជាលើកដំបូងហើយដែលរុស្ស៉ីបានប្រកាសពីការបាត់បង់ចំនួនកងទ័ពរបស់ខ្លួនអំឡុងសង្រ្គាមនៅអ៊ុយក្រែន បើគិតចាប់តាំងពីចុងខែមីនា នៅពេលតួលេខកាលនោះស្ថិតនៅត្រឹម ១,៣៥១នាក់។ យ៉ាងណាមិញ យោងតាមការប៉ាន់ស្មានរបស់ ក្រសួងការពារជាតិអាមេរិក កាលពីដើមខែសីហាកន្លងទៅ គឺកងទ័ពរុស្ស៉ីអាចរហូត ដល់៨០,០០០នាក់ ត្រូវបានសម្លាប់ ឬក៏រងរបួស បន្ទាប់ពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ឆ្នាំនេះ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN.VN)