ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរង្វង់នៃប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងក្នុងរយៈពេល៤ថ្ងៃ បានចំនួន៦៣ករណី នៅភ្នំពេញ កម្លាំងអាជ្ញាធរបាន ឃាត់មនុស្សប្រុសស្រី១១៥នាក់

ចែករំលែក៖

ភ្នំពេញ  ៖ ក្នុងរយៈពេល៤ថ្ងៃ សមត្ថកិច្ចបង្ក្រាបបានទីតាំងល្បែងសុីសងសរុប ៦៣ទីតាំង ដោយឃាត់មនុស្ស ប្រុសស្រី ១១៥នាក់ មានទាំងជនបរទេសផងដែរ បញ្ជូនទៅកន់តុលាការ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ថា គិតត្រឹមរយៈពេល០៤ថ្ងៃ គឺថ្ងៃទី១៧ ដល់យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបង្កើតក្រុមការងារធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងរយៈពេល ០៤ថ្ងៃមកនេះបានចំនួន ៦៣ករណី ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួយ១១៥ នាក់ មានទាំងជនបរទេសផងដែរ។

 អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ថែមថា ការបង្ក្រាបល្បែងទាំង ៦៣ករណីនោះ រួមមាន ឆ្នោតវៀតណាម ៣៥ករណី កន្លែងបញ្ចាំខុសច្បាប់ ៦ទីតាំង ល្បែង Online ខុសច្បាប់ ៤ទីតាំង មាន់ជល់ Online ០៤ករណី បៀរ ៣ករណី ឡូតូonline៧ករណី និងល្បែងភ្នាល់គ្រប់ប្រភេទ១០ករណី

អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះជនបរទេសប្រព្រឹត្តល្បែងស៉ីសង អាជ្ញាធរត្រូវត្រួតពិនិត្យមើល លិខិតឆ្លងដែនរបស់ពួកគាត់សិន ប្រសិនបើ មិនមានត្រឹមត្រូវស្របច្បាប់នោះនិងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីសុំគោលការបណ្ដេញចេញពីប្រទេស។ ក្នុងករណីមាន លិខិតឆ្លងដែនត្រឹមត្រូវ នោះអនុវត្តនីតិវិធី ពិន័យតាមច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមានអនុក្រឹត្យ និងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ខាតឱ្យអាជ្ញាធររាជធានី ខេត្ត ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ភ្លាមៗឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ពាក់ព័ន្ធការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ណាមួយទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះបានឃើញ និងចុះបង្ក្រាបបាន គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។ ឯកឧត្តមអភិបាលរាជធានីបានបន្តថា ក្រុមការងាររបស់សាលារាជធានីនឹងចុះទៅបង្ក្រាបតាមមូលដ្ឋាន នៅពេលចុះបង្ក្រាបនៅខណ្ឌណាមួយ គឺមិនឱ្យអភិបាលខណ្ឌនោះចុះបង្ក្រាបជាមួយទេ ដូច្នេះខណ្ឌនោះត្រូវទទួលខុសត្រូវបង្ក្រាបឱ្យបានមុនក្រុមការងាររាជធានីចុះទៅដល់ ប្រសិនបើមិនដូច្នោះអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវផងដែរ នៅពេលក្រុមការងាររាជធានីចុះរកឃើញ និងបង្ក្រាប ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលដកដំណែងអភិបាលខណ្ឌនោះ ដោយមិនលើកលែងឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖