ក្នុងពេលនេះអុីរ៉ង់កំពុងតែប្រឈមនឹងភាពចលាចលក្នុងសង្គមដោយសារតែអំពើហិង្សា ពាក់ព័ន្ធនឹងការធ្វើបាតុកម្មបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។ អ៉ីរ៉ង់កំពុងប្រឈមនឹងការរិះគន់ជាអន្តរជាតិ បន្ទាប់ពីមានករណីស្លាប់ស្រ្តីម្នាក់នៅមន្ទីរឃុំឃាំងរបស់ប៉ូលិសដែលបណ្ដាលឱ្យមានបាតុកម្មតវ៉ានៅទូទាំងប្រទេស។
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ភាពចលាចលនេះដើម្បីព្យាយាមធ្វើឱ្យមានអស្ថិរភាពក្នុងប្រទេសរបស់ខ្លួន។ កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ ស្រ្តីជនជាតិឃឺដម្នាក់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំបានស្លាប់ ក្រោយពីស្រ្តីរូបនេះត្រូវបានចាប់ខ្លួនដោយប៉ូលិសសីលធម៌ជុំវិញការរឹតបន្តឹងលើការស្លៀកពាក់របស់ស្រ្តី។ ករណីនេះបាននាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់អន្តរជាតិបន្ថែមទៀតមកលើទីក្រុងតេអេរ៉ង់។
ជារឿយៗសកម្មជនក្នុងប្រទេសអ៉ីរ៉ង់បាននាំគ្នាធ្វើការតវ៉ាដោយយកស្ត្រីធ្វើជាតួអង្គសំខាន់នៅក្នុងការតវ៉ា នោះដោយប្រើសកម្មភាពគ្រវី និងដុតស្បៃមុខ។ ប៉ុន្តែអ៉ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកកំពុងគាំទ្រក្រុមកុបកម្ម បង្កើតអស្ថិរភាពក្នុងប្រទេសរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាសៀ កាណាអានី (Nasser Kanaani) បានគូសបញ្ជាក់ថា «ទីក្រុងវ៉ាស៊ីនតោនតែងតែព្យាយាមធ្វើឱ្យស្ថិរភាពនិងសន្តិសុខរបស់អុីរ៉ង់ចុះខ្សោយ ទោះបីជាមិនទទួលបានជោគជ័យក៏ដោយ»។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប៉ូលិសសីលធម៌របស់អុីរ៉ង់ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីអុីរ៉ង់ និងទាមទារឱ្យមានការទទួលខុសត្រូវលើការស្លាប់របស់នាងអាមីនី ព្រមទាំងបាតុករយ៉ាងហោច៤១នាក់ដែលបានស្លាប់នៅក្នុងការបង្រ្កាបរបស់អាជ្ញាធរអ៉ីរ៉ង់ លើបាតុកម្មតវ៉ាចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញាមក៕ ដោយ៖ ធីរីណា
ប្រភពរូបថត៖ Vnexpress.net