តុលាការមីយ៉ាន់ម៉ានៅថ្ងៃទី២៩ខែកញ្ញា បានកាត់ទោសលោកស្រីអោង សានស៊ូជី និងអ្នកសេដ្ឋកិច្ចជនជាតិអូស្ត្រាលី Sean Turnell ឱ្យទទួលទោសជាប់គុកបន្ថែម៣ឆ្នាំទៀតពីបទបំពានច្បាប់សម្ងាត់របស់ជាតិ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា បានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី ព្រមទាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចឱ្យជាប់គុកម្នាក់៣ឆ្នាំបន្ថែមទៀត។
លោកស្រី ស៊ូជី និងលោក ថឺនណេល ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់របស់រដ្ឋ ដែលមានទម្ងន់ទោសជាអតិបរមាគឺ ១៤ឆ្នាំក្នុងពន្ធនាគារ ខណៈដែលអ្នកទាំងពីរសុទ្ធតែបានប្រកាន់ជំហរថា មិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់នេះឡើយ។ ប្រភពដែលដឹងឮអំពីសវនាការកាត់ទោស ដែលត្រូវបានធ្វើឡើងដោយមិនបើកចំហ នៅឯរដ្ឋធានីណៃពិដោនេះ បានបង្ហើបប្រាប់ថា លោកស្រី ស៊ូជី និងលោក ថឺនណេល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៣ឆ្នាំ។
ក្នុងសំណុំរឿងដាច់ដោយឡែក កាលពីពេលកន្លងមក លោកស្រី អោងសាន ស៊ូជី គឺត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសរុប
រយៈពេលជាង ១៧ឆ្នាំរួចស្រេចហើយ ដោយការចោទប្រកាន់ភាគច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយ។ ពាក់ព័ន្ធនឹងការឃុំខ្លួនលោក សន ថឺនណេល នៅមីយ៉ាន់ម៉ា រដ្ឋាភិបាលអូស្រ្តាលីធ្លាប់បានទទូចឱ្យមានការដោះលែងលោកវិញជាបន្ទាន់ ហើយច្រានចោលការសម្រេចចិត្តរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការបើកសវនាការជំនុំជម្រះក្តីលើរូបលោក៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN
រូបថត ៖ Zingnews.vn