កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី១ខែតុលានេះបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅកាន់តំបន់សមុទ្រ ភាគខាងកើតប្រទេសកូរ៉េខាងជើង ។ នេះជាការបាញ់សាកល្បងលើកទី៤ហើយក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃទី១ខែតុលានេះ បានបាញ់សាកល្បងមីស៊ីលផ្លោងបាលិស្ទីកចំនួន២គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះជាការបាញ់សាកល្បងមីស៊ីលជាលើកទី៤ នៅក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ ចំពោះមុខភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
ការបាញ់សាកល្បងមីស៊ីលខាងលើកើតមានឡើងបន្ទាប់ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានដឹកនាំការធ្វើសមយុទ្ធយោធាប្រឆាំង នាវាមុជទឹកកាលពីថ្ងៃសុក្រសប្ដាហ៍នេះជាលើកដំបូង ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ និងក្រោយដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅកូរ៉េខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបាលិស្ទីករយៈចម្ងាយខ្លីចំនួន២គ្រាប់នៅថ្ងៃសៅរ៍នេះ ដោយបាញ់ចេញពីតំបន់ស៊ូណាន (Sunan) ស្ថិតនៅភាគខាងជើងនៃទីក្រុងព្យុងយ៉ាង និងហោះបានចម្ងាយ៣៥០គីឡូម៉ែត្រ និងរយៈកម្ពស់៣០គីឡូម៉ែត្រ។ ចំណែកឯយោធាជប៉ុនក៏បានអះអាងដែរថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីក២គ្រាប់ ហើយមីស៊ីលទាំងនេះហោះបាន ចម្ងាយ៤០០គីឡូម៉ែត្រ និង៣៥០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់៥០គីឡូម៉ែត្រ៕ ដោយ៖ ធីរីណា
រូបថត ៖ YONHAP NEWS