ខេត្តបន្ទាយមានជ័យ ៖ មនុស្ស២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសស្រាល ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបើកកៀរគ្នានៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨១-៣៨២(ខាងលិចផ្លូវបំបែកយាយរវៃសូត្រចម្ងាយ៣៥ម៉ែត្រ)ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា៖ មុនដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប-1L-3453 បើកបរដោយឈ្មោះសែម សំអឿន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិកស្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាបបានបើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ប-មានជ័យជ-1X-9325 បើកបរដោយឈ្មោះយឺន សុខាត់ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកបរពីទិសខាងលិចទៅទិសខាងកើតស្របគ្នាទើបបណ្តាលឱ្យកៀរគ្នាតែម្តង។
លោកអធិការបានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះយឺន សុខាត់ និងអ្នករូមដំណើរឈ្មោះហន់ សុឃឿត ភេទស្រីអាយុ១៤ឆ្នាំនៅភូមិជាមួយគ្នាជាអ្នកជិះខាងក្រោយ(មានពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរ០១នាក់ទៀតជាអ្នកជិះកណ្តាលឈ្មោះវិន សុខេង ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិជាមួយគ្នា (មានពាក់មួកសុវត្ថិភាព) រងរបួសស្រាល ។ ចំណែកអ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ សែម សំអឿន (ពាក់មួកសុវត្ថិភាព) រងបួសស្រាល ។ មូលហេតុនៃការគ្រោះថ្នាក់នេះគឺបណ្តាលមកពីអ្នកបើកម៉ូតូពាក់ស្លាកលេខប-មានជ័យ1-X-9325បើកក្នុងល្បឿនលឿនគ្មានការប្រុងប្រយត្ន័ ។ ម៉ូតូទាំង០២គ្រឿងខូចខាតស្រាល កម្លាំងនគរបាលជំនាញបានធ្វើការវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះទាំង២នាក់បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណា