ព័ត៌មានទាន់ហេតុការណ៍៖

ធ្ងន់កហើយ!! រថយន្ត​បែន​ដឹក​ខ្សាច់​បើកបុករះរថយន្ត២គ្រឿងនិងផ្ទះប្រជាពលរដ្ឋរងការខូចខាត រួចខាងជនរងគ្រោះទារសំណងខ្ទង់ពាន់ដុល្លារ

ចែករំលែក៖

​   ភ្នំពេញ ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​ មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានដាច់​ហ្វ្រ័ង​ហើយរេចង្កូតជ្រុល​ទៅ​បុករថយន្តចំនួន២គ្រឿងនិង​ផ្ទះ​របស់ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យរងការ​ខូចខាត​យ៉ាង​ដំណំ កាលពីវេលា​ម៉ោង​១១និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០២២​ នៅចំណុច​ភ្លើងស្តុប​ទំនប់ទឹក​ផ្លូវ​លេខ២៧១​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌ​ចំការ​មន​ ។ 

​   បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​វ័យ​ប្រហែល​ជាង​២០ឆ្នាំ​ បេីក​រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​ ពណ៌ស​ ម៉ាក​នីស្សាន់​ ពាក់​ស្លាក​លេខ​ ចង្កូត​ស្តាំ​ PP​-3362 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ លេខ២៧១​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់ចំណុច​កេីតហេតុ​ក៏ស្រាប់​តែ​ជាន់​ហ្រ្វ័ង​មិន​ស៊ី​ ទេីប​អ្នក​បេីក​បរ​បានបួង​ចង្កូត​ទៅ​ខាង​ស្ដាំ​ដៃ​ឡើង​លើចិញ្ចើម​ផ្លូវ​ ជ្រុល​ទៅ​បុក​រថយន្ត​ឡង់គ្រីស័រ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AY-2526 ដែល​ចត​នៅ​មុខ​ផ្ទះ​រងការខូចខាត​មួយ​ចំហៀង​ខាង​ស្តាំ​ ហេីយ​រថយន្ដ​បង្កក៏បន្ត​ទៅ​បុក​ផ្ទះ​គេបណ្តាល​ឱ្យរង​ខូចខាត​បែក​ជញ្ជាំង​ និង​ទ្វារ​រូត​អស់​ចំនួន​១ផ្ទាំង​បន្ថែម​ទៀត​។ 

​   ប្រភព​ដដែល​បន្ត​ទៀត​ថា​ បន្ទាប់​ពី​បុក​ផ្ទះ​គេហើយ​ រថយន្ត​បែន​ដឹក​ខ្សាច់​នោះក៏រអិល​ថយក្រោយ​វិញ​ជ្រុល​ទៅ​បុក​រថយន្ត​ ហាយ​ឡេនឌ័រ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 2B-0062 ដែល​បេីក​ស្រប​ទិស​គ្នា​ធ្វើ​ឱ្យរងការ​ខូចខាត​ក្រពឹត​ត្រគាក​ផ្នែក​ខាង​ក្រោយ​ខាងស្តាំ​បន្ថែម​ទៀត​ តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បង្កឱ្យមានគ្រោះថ្នាក់​ដល់​ដល់​មនុស្ស​នោះ​ទេ​  ។ ហើយ​អ្នក​បេីក​បរ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ផងដែរ​  ។ 

​     បន្តិច​ក្រោយ​មក​ឃើញ​មាន​តំណាង​ខាង​រថយន្ត​បង្កបែន​ដឹក​ខ្សាច់​មក​ធ្វើការ​សម្រប​សម្រួល​ជាមួយ​ភាគី​រថយន្ដ​រងគ្រោះ​ក៏ដូច​ជា​ម្ចាស់ផ្ទះ​ ក្នុង​នោះ​ភាគី​រថយន្ដ​បែន​ដឹក​ខ្សាច់​បានសង​សំណង​ទៅ​ខាង​រថយន្ត​ហាយ​ឡេនឌ័រចំនួន​២០០ដុល្លារ​បញ្ចប់​រឿង​មួយ​វគ្គ​  ។ ដោយ​នៅ​សល់​តែ​រថយន្ត​ឡង់គ្រីស័រ​ និង​ម្ចាស់​ផ្ទះ​គឺ​ទាមទារ​សំណង​រហូត​ដល់​១៥ពាន់​ដុល្លារ​ឯណោះ​។ 

​    ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​ការ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ រថយន្ត​ទាំង​២គ្រឿង​ រួម​ទាំង​អ្នក​បេីក​បរ​ក៏ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្តទៀត​ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖