សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិកនឹងបើកការដេញថ្លៃឡើងវិញសម្រាប់ធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិកឆ្នាំ២០២៥ បន្ទាប់ពីបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះដោយប្រទេសហ្គីណេ ដោយប្រទេសម៉ារ៉ុកក្នុងចំណោមប្រទេសនានាបានដាក់ពាក្យដេញថ្លៃនេះដែរ។
ប្រទេសម៉ារ៉ុក ដែលជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក Women’s Africa Cup of Nations វគ្គផ្តាច់ព្រ័ត្រក្នុងខែកក្កដា មានបំណងដាក់ពាក្យធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៥។ នេះបើយោងតាមប្រភពមួយនៅក្នុងសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុកបានបង្ហាញ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ហៅកាត់ថា CAF លោក Patrice Motsepe ស្ថិតនៅក្នុងរដ្ឋធានី Conakry ប្រទេសហ្គីណេកាលពីថ្ងៃសៅរ៍នៅពេលដែលលោកបានប្រកាសថា ការប្រកួតដែលមានក្រុមចំនួន២៤នឹងត្រូវដកចេញ ដោយសារតែខ្វះហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារដែលសមស្រប។
លោក Motsepe បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបានជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរបស់ប្រទេសហ្គីណេថា “ពានរង្វាន់ Nations Cup ឆ្នាំ២០២៥ ដែលបានបែងចែកទៅប្រទេសហ្គីណេ នឹងមិនប្រព្រឹត្តទៅនៅទីនោះទេ ពីព្រោះយើងមិនទាន់រួចរាល់នៅក្នុងប្រទេសហ្គីណេ”។ ហ្គីណេមានពេលជិតមួយទសវត្សរ៍ដើម្បីរៀបចំសម្រាប់ការប្រកួត ដោយដើមឡើយត្រូវបានតែងតាំងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Nations Cup ឆ្នាំ២០២៣ មុនពេលត្រូវបានស្នើឱ្យធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ ជំនួសវិញ។
ស្ថានភាពនយោបាយនៅក្នុងប្រទេសហ្គីណេ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន បាននាំឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ និងការរៀបចំសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត Nations Cup របស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែសីហា រដ្ឋាភិបាលយោធាហ្គីណេបានទទូចថា ខ្លួនបានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៥ ហើយនឹងបញ្ចេញមូលនិធិ និងការចូលទៅកាន់ដីយ៉ាងឆាប់រហ័ស ដើម្បីជួយរៀបចំព្រឹត្តិការណ៍មួយ ដែលដាក់ស្លាកបញ្ហានៃ “ផលប្រយោជន៍ជាតិ និងជាអាទិភាព” ដោយប្រមុខនៃរដ្ឋាភិបាលយោធា។
លោក Motsepe បាននិយាយកាលពីថ្ងៃសៅរ៍ថា “ការសម្រេចចិត្តរបស់ CAF ត្រូវបានធ្វើឡើងនៅក្នុងខែកក្កដា ហើយត្រូវបានរាយការណ៍ទៅរដ្ឋាភិបាលនៅក្នុងប្រទេសហ្គីណេដោយបញ្ជាក់ថា កន្លែងដែលយើងនៅឥឡូវនេះ គួរតែមានដំណើរការមួយដើម្បីអនុញ្ញាតឱ្យមានការដេញថ្លៃថ្មីកើតឡើង។ CAF នឹងស្នើសុំឱ្យទទួលបានការដេញថ្លៃថ្មី ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារមិនសមស្រប ឬរួចរាល់សម្រាប់ CAFដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត Nations Cup ឆ្នាំ២០២៥ នៅប្រទេសហ្គីណេ ហើយនោះជាមូលដ្ឋាននៃការសម្រេចចិត្ត” ។
ជាការឆ្លើយតប រដ្ឋមន្ត្រីកីឡារបស់ប្រទេសហ្គីណេ Lansana Bea Dialla ដែលជាអតីតអ្នកប្រដាល់បានសារភាពថា ប្រជាជាតិរបស់គាត់មិនមានកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិកនៅឆ្នាំ២០២៥នោះទេ។
លោក Diallo បាននិយាយថា “វាជាការពិតដែលយើងគ្មានអ្វីជាអំណះអំណាងដើម្បីអាចបញ្ចុះបញ្ចូលប្រធាន Caf ថាយើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួត Nations Cup ឆ្នាំ២០២៥។ ប៉ុន្តែខ្ញុំសង្កត់ធ្ងន់ថា ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីហ្គីណេបានសន្យាជាមួយប្រធាន CAF និងសមាជិកដែលបានសម្រេចចិត្តនេះថា យើងនឹងដាក់អ្វីៗគ្រប់យ៉ាងដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះមានការអភិវឌ្ឍន៍”។
ហ្គីណេធ្លាប់ត្រូវបានផ្តល់ពេលវេលាបន្ថែមទៀតដើម្បីរៀបចំនៅពេលដែលត្រូវបានស្នើសុំធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥ បន្ទាប់ពីការពន្យារពេលរបស់ប្រទេសកាមេរូនក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩។ មានន័យថាក្រុមចុងក្រោយបានទៅប្រទេសអេហ្ស៊ីប ដោយមេរូនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២១ជំនួសដោយប្រទេសកូតឌីវ័រយកឆ្នាំ២០២៣។
ការប្រកួតឆ្នាំ២០២១ និង២០២៣ ត្រូវបានលើកពេល១ឆ្នាំដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសទាំង២ក្នុងខែមិថុនា ដល់ខែកក្កដា មានន័យថាការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២១ បានកើតឡើងនៅដើមឆ្នាំនេះ ខណៈដែលការប្រកួត Ivorian edition បានផ្លាស់ប្តូរទៅខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៤ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)