ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកសិក្ខាសាលាផ្ដល់សុពលភាពលើឯកសារបច្ចេកទេស នៃការត្រៀមរៀបចំហិរញ្ញវត្ថុគ្រោះមហន្តរាយ ការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA)

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ដល់សុពលភាពលើឯកសារបច្ចេកទេស នៃការត្រៀមរៀបចំហិរញ្ញវត្ថុគ្រោះមហន្តរាយ ការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខណ្ឌការស្ដារឡើងវិញពីគ្រោះមហន្តរាយលើវិស័យដឹកជញ្ជូន។

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី លោកស្រី Jyotsana Varma តំណាង ADB និងជានាយកប្រចាំប្រទេសនៅកម្ពុជា, លោក អគ្គលេខាធិការរង គ.ជ.គ.ម និងសមាជិកក្រុមការងារ គ.ជ.គ.ម., តំណាងក្រសួងពាក់ព័ន្ធ, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរមួយចំនួន ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ធផងដែរ សរុបប្រមាណជាង ៥០នាក់ ដែលក្នុងនោះមានចូលរួមសិក្ខាសាលាផ្ទាល់ និងចូលរួមតាមរយៈអនឡាញ។ 

ជាកិច្ចចាប់ផ្ដើម លោក ឡាំ ហេងហួត តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ គន់  គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. មានសេចក្ដីសោមនស្សក្រៃលែងដោយចូលរួមក្នុងសិក្ខាសាលាខាងនេះ ដែលបានសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងនោះដែរ លោក ឡាំ  ហេងហួត បានសម្ដែងនូវអំណរសាទរ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. UNDP និង ADB ដែលបានរៀបចំសិក្ខាសាលានេះឡើងរួមចំណែកយ៉ាងសំខាន់ ដើម្បីត្រៀមរៀបចំស្ដារឡើងវិញក្នុងករណីមានគ្រោះទឹកជំនន់ដែលអាចនឹងកើតឡើងជាយថាហេតុក្នុងរដូវភ្លៀងនេះ ៕

ដោយ : សហការី


ចែករំលែក៖