ខេត្តកំពត ៖ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា វិស័យទេសចរណ៍ជាឆ្អឹងខ្នងជាតិមួយដ៏សំខាន់ ក្នុងការបង្កើនប្រាក់ចំណូលជូន ប្រជាពលរដ្ឋ និងមូលដ្ឋានពិសេសគឺសេដ្ឋកិច្ចជាតិ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២។
អគ្គនាយករងរូបនេះ បានគូសបញ្ជាក់ថា៖ ខេត្តកែប និងខេត្តកំពត បានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងបរិបទនៃជំងឺកូវីដ ១៩ ដោយសារខេត្តទាំងពីរនេះបានកែច្នៃនិងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីៗជាច្រើនសម្រាប់ ទាក់ទាញ ភ្ញៀវទេសចរ។
លោក អាំង សុវណ្ណរ័ត្ន បានបន្តថា នៅក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ខេត្តកែបនិងខេត្តកំពត គឺជាខេត្តមួយដែលមានអ្នកទេសចរទៅ មិនចេះដាច់ ដោយសារទីនោះមានប្រាសាទនៅក្នុងរូងភ្នំ ដែលជាបេតិកភណ្ឌថ្មី រួមផ្សំនឹងការទស្សនា អគារចាស់ ៗ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ មានឆ្នេរទេសចរណ៍ចំនួន៥ សម្រាប់ទទួលភ្ញៀវចូលមក លេងកម្សាន្ត រួមមាន៖ទី១. ឆ្នេរលិចទឹក ទី២. កោះទន្សាយ ទី៣. ឆ្នេរអង្កោល ទី៤.ភ្នំវល្លិ៍ និងទី៥ ឧទ្យានកែប ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករហូរហែមិនចេះដាច់ ។
លោកអគ្គនាយករង បានបន្តទៀតថា ក្រុមអ្នកទេសចរភាគច្រើនចូលចិត្តជិះទូក និងលម្ហែតាមឆ្នេរ គយគន់ផ្កាថ្ម ដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់ អាកាសល្អបរិសុទ្ធ ដែលផ្តល់នូវផាសុខភាពនិងសុវត្ថិភាពដល់អ្នកទេសចរគ្រប់រូប មកកម្សាន្តដោយសប្បាយរីករាយនិងមិនបារម្ភការឆ្លងកូវីដ។
” ខេត្តកែបនិងកំពតបានក្លាយជាគោលដៅសំខាន់មួយលេចធ្លោផងដែរ ដែលក្នុងពេលកូវីដនេះ ជាពិសេសកំណើនភ្ញៀវទេសចរបងប្អូនប្រជាពលរដ្ឋរបស់យើងគឺគាត់ទៅលេងកម្សាន្តនៅខេត្តកំពតបើយើងក្រឡេកទៅមើលរមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តកំពតមានបរិស្ថានស្អាតនៅតាម ដងព្រែកកំពង់បាយ គឺយើងមានការអភិវឌ្ឍរមណីយដ្ឋានកែច្នៃជាច្រើនជាលក្ខណៈខ្នាតតូចខ្នាតមធ្យមនិងខ្នាតធំដូចជារមណីយដ្ឋានដូងទេជាដើមដែលសុទ្ធសឹងតែជាគោលដៅទេសចរណ៍សម្រាប់តំបន់ឆ្នេរកម្ពុជា” ។
លោក បានបញ្ជាក់បន្ថែមថា កម្ពុជាមានគោលដៅទេសចរណ៍សំខាន់ៗចំនួន ៥៦០កន្លែង ក្នុងនោះសហគមន៍ និងអេកូទេសចរណ៍សំខាន់ មានចំនួន៨៦កន្លែង ទើបធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជា អាចងើបឡើងវិញជាបន្តបន្ទាប់៕
ដោយ៖សហការី