ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករុឺម៉កម៉ូតូដឹកសំរាមទៅបុកម៉ូតូពីក្រោយក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងបើករុឺម៉កម៉ូតូដឹកសំរាមបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូស្គូពីដែលជិះដោយក្មេងសិស្សសាលាម្នាក់ពីក្រោយពេញទំហឹង បណ្ដាលឱ្យរុឺម៉កក្រឡាប់ផ្ងារជើងម្ខាង រីឯម៉ូតូរងគ្រោះដួលអូសជាច្រើនម៉ែត្រ និងធ្វើឱ្យភាគីទាំងសងខាងរងរបួសធ្ងន់និងស្រាល បង្កឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ស្រវឹងស្រាបានបើករុឺម៉កម៉ូតូដឹកសំរាមចេញពីផ្សារនាគមាសធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងយានយន្តដទៃទៀតធ្វើឱ្យជ្រុលទៅបុកម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JL-9586 ជិះដោយក្មេងស្រីសិស្សសាលាម្នាក់ ធ្វើដំណើរស្របគ្នាពីក្រោយពេញទំហឹងបណ្ដាលឱ្យរុឺម៉កក្រឡាប់ផ្ងារជើងច្រងាងៗ រីឯម៉ូតូរងគ្រោះដួលអូសជាច្រើនម៉ែត្រធ្វើឲ្យក្មេងស្រីជាសិស្សសាលារងរបួសធ្ងន់ ឯម្ចាស់រុឺម៉ករងរបួសស្រាល ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយលើក និងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជននៅជិតកន្លែងកើតហេតុនោះ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករុឺម៉កបង្កហេតុនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖