ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៧ ខែតុលា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន០២នាក់ ជាបន្តបន្ទាប់។
លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងទៀតថា ដោយអនុវត្តតាមមតិចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន នៅថ្ងៃទី០៦ ខែតុលាម្សិលមិញនេះ លោកអធិការបានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៩និង៤៥ នាទី បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ មួង វាសនា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ នៅចំណុចវាលសម្តេចយស ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ ទម្ងន់៦.៣៧ក្រាម (ថ្លឹងទាំងសំបក) ម៉ូតូ ចំនួន០១គ្រឿង ។
បន្ទាប់មកនៅវេលាម៉ោង ០៩និង៥០នាទី បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡេង គឹមហាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៩២ កញ្ចប់ ទម្ងន់ ២៣៩.៦៨ ក្រាម (ថ្លឹងទាំងសំបក) សម្ភារៈសម្រាប់ជក់ ១កំភ្លេរ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំ ចំនួន០១គ្រឿង ថង់ប្លាស្ទីកសម្រាប់រំលែកថ្នាំមួយចំនួន ឆាំសម្រាប់ចូកថ្នាំ ចំនួន០១ ទូរស័ព្ទដៃ ចំនួន០១ គ្រឿង និងម៉ូតូចំនួន០៤គ្រឿង ។
លោកវរសេនីយ៍ទោអធិការ បានបន្តថាបច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិធីបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត ៕
ដោយ៖អារុណរះ