ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ណាស់!! ក្មេងប្រុសសិស្សសាលាម្នាក់ ត្រូវរថយន្តបែនដឹកដីបុក និងកិនស្លាប់នៅលើផ្លូវ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង បានបើកបុកនិងកិនក្មេងប្រុសសិស្សសាលាម្នាក់អាយុ១៤ឆ្នាំ បណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ៥០ម៉ែត្រ កែងផ្លូវ១០៤ ក្នុងភូមិគងណយ​ សង្កាត់គងណយ ខណ្ឌដង្កោ។

    សពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ឯក គីមឡាយ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ រស់នៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ពូក សំនាង មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1AP-6178 ត្រឡប់មកពីកម្មពិធីរៀបការបងប្អូន ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រក្រវ៉ាត់ក្រុង ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តបែនដឹកដី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ3A-3673  បើកបរតាមបណ្តោយផ្លូវ១០៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងបានជ្រុលចង្កូតទៅបុកក្មេងប្រុសដែលកំពុងតែជិះម៉ូតូខាងលើបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរត្រូវបានឃាត់ខ្លួនបានភ្លាមៗផងដែរ។

     ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គងណយ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកធ្វើការវាស់វែងនិងបានប្រគល់អ្នកបើកបរនិងរថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកសពក្មេងប្រុសរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖