ព័ត៌មានទាន់ហេតុការណ៍៖

មណ្ឌលកុមារកំព្រាសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបុរី កុមារកំព្រាប្រុស-ស្រី១១៥នាក់ ត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យជាច្រើនអ្នកសហការជាមួយអាជ្ញាធរមូលដ្ឋាននៅវេលាម៉ោង០៥នឹង៣០នាទីល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២២ ។  នគរបាលខេត្តបញ្ជាក់ថាៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងនិងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការ នគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀស កុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌល កុមារកំព្រានៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី កំពុងត្រូវបានរងការជន់លិចដោយទឹកជំនន់ ធ្វើឲ្យកុមារទាំងនោះមិនអាចស្នាក់នៅបាន ត្រូវតែជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ។

 យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា កុមារកំព្រាប្រុស-ស្រី ចំនួន១១៥នាក់ និង បុគ្គលិកមជ្ឈមណ្ឌល១៧នាក់ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ នៅល្ងាចថ្ងៃទី១១តុលា បន្ទាប់ពីត្រូវទឹកជំនន់វាយប្រហារយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។

ដើម្បីបញ្ចៀស គ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណ:ងាយស្រួល ដល់ការរស់នៅ របស់ប្អូនៗកុមារកំព្រា បច្ចុប្បន្នកុមារកំព្រាទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅឲ្យស្នាក់នៅបណ្តោះអាសន្នផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោក អ៊ឹង វណ្ណម៉ៅ ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖