ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបុកម៉ូតូបណ្តាលឱ្យ រងរបួសធ្ងន់ម្នាក់ ព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១​ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈកំពុងជិះម៉ូតូ  ត្រូវបានរថយន្តដឹកដីបុកពីក្រោយ ហើយរថយន្តព្យាយាមបើករត់គេចបានចំងាយជាង៥គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋដេញតាមឃាត់បាន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង៦០ម៉ែត្រ ខាងជើងក្បែរវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល 

យុវជនរងគ្រោះមានឈ្មោះ ផុន ស្ទេវិន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ មានទីលំនៅភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។ 

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-6746 ធ្វេីដំេណេីរតាមផ្លូវបេតុងកំពុងសាងសង់ថ្មី ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកនីសាន់ បែនដឹកដី ពណ៌ខៀវចាស់ មិនមានពាក់ស្លាកលេខ បើកបោះពួយល្បឿនលឿន ពីត្បូងទៅជើង រេចង្កូតបុកពីក្រោយម៉ូតូ បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រ រងរបួសធ្ងន់ ហើយរថយន្តបង្កបន្ថែមល្បឿន ព្យាយាម បើករត់គេចបានចំងាយជាង៥គីឡូម៉ែត្រ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ក្បែរផ្លូវជាតិលេខ៤ ទើបកម្លាំងសមត្ថកិច្ចខណ្ឌកំបូល បងប្អូនប្រជាពលរដ្ឋ ដេញតាមទាន់ ឃាត់បាន តែអ្នកបើកបរលោតចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ។ រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយជាមួយភាគីរងគ្រោះ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖