ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី១៥ ឆ្នាំឡើង ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព និងប្រជាពលរដ្ឋដែលបានបាត់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានជ្រាបថា៖ ដើម្បីកាត់បន្ថយការកកស្ទះ និងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំមន្ត្រីជំនាញប្រចាំការ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងការិយាល័យអគ្គ សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ។

ក្នុងន័យនេះសូមប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព និងប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញ រួសរាន់មកបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមទីតាំងដូចខាងលើឱ្យបានគ្រប់ៗគ្នានៅរៀងរាល់ម៉ោងធ្វើការ និងសូមភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណដូចខាងក្រោម៖ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ(ក២) ឬសៀវភៅគ្រួសារ(ក៤)

– ចំពោះប្រជាជពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី អស់សុពលភាព សូមភ្ជាប់មកជាមួយ

នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាពច្បាប់ដើម រួចបំពេញសំណុំបែបបទផ្តល់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើងវិញឱ្យបានមុន ៣ខែ ឬ៩០ថ្ងៃចុងក្រោយ 

– ចំពោះប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមភ្ជាប់មកជាមួយនូវពាក្យបណ្ដឹង បាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ។

សូមបញ្ជាក់ថា រាល់ការបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺពុំមានការបង់ប្រាក់នោះទេ។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងផ្តល់កិច្ចសហការជាមួយប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖