ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន និងកងទ័ពទូទាំងប្រទេស ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះសម្ដីទណ្ឌិត សម រង្ស៉ី ដែលញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់និងបក្សពួកដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាក។

កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉នី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ គាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងការពារឲ្យខានតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។

យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឲ្យតុលាការចាត់វិធានការច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖