ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលនៃព្យុះ Nesat បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចនៅប្រទេស ថៃនិងហ្វីលីពីន

ចែករំលែក៖

តំបន់ជាច្រើនក្នុងទីក្រុងទេសចរណ៍ដ៏ល្បីល្បាញនៅថៃ គឺទីក្រុងភូកេត និងតំបន់ភាគខាងត្បូងប្រទេសថៃ ត្រូវប្រឈមនឹងគ្រោះទឹកជំនន់ជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃទី១៥ និង ទី១៦ខែតុលា។ ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលនៃព្យុះ Nesat ។

កម្លាំងទាហានជើងទឹកថៃបានជួយដល់ពលរដ្ឋជម្លៀសចេញពីផ្ទះសម្បែង និងដឹកជញ្ជូនសម្ភារ ទៅកាន់ទីទួលសុវត្ថិភាព គេចចេញពីគ្រោះទឹកជំនន់។ ប្រព័ន្ធផ្សព្វផ្សាយថៃ ThaiPBS បានផ្សាយថា មន្ត្រីក្នុងតំបន់បានចាត់វិធានការបូមទឹកចេញពីតំបន់ដែលរងផលប៉ះពាល់។

ចំណែកប្រទេសហ្វីលីពីនវិញ អាជ្ញាធរឧតុនិយមនៅក្នុងប្រទេសហ្វីលីពីនបានឱ្យដឹងថា ព្យុះត្រូពិកមួយដែលបានបក់បោកលើតំបន់ភាគខាងជើងនៃប្រទេសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបំប្លែងខ្លួនទៅជាព្យុះទីហ្វុង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងជន់លិចភូមិ និងដីស្រែចម្ការជាច្រើន។
មនុស្សជិតមួយពាន់នាក់ក៏ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។ បើតាមវីដេអូមួយដែលត្រូវបានចែករំលែកបន្តលើបណ្ដាញទំនាក់ទំនងសង្គម ទឹកជំនន់បានជន់លិចភូមិជាច្រើននៅក្នុងខេត្ត កាហ្កាយ៉ាន (Cagayan) រីឯដើមឈើជាច្រើនបានដួលរលំដោយសារកម្លាំងខ្យល់បក់នៃព្យុះទីហ្វុង នេសាទ (Nesat) ដែលបានបាក់បោកក្នុងល្បឿនខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងកើនឥទ្ធិពលខ្លាំងជាងនេះ ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថា រដ្ឋាភិបាលរបស់លោកកំពុងបញ្ជូនជំនួយទៅកាន់តំបន់រងគ្រោះហើយ។ ហ្វីលីពីន តែងតែជួបប្រទះនឹងព្យុះជាញឹកញាប់ ដោយក្នុងមួយឆ្នាំៗប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបានរងការវាយប្រហារពីព្យុះតូច និងធំ យ៉ាងហោចណាស់ក៏២០ព្យុះដែរ៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN)


ចែករំលែក៖