ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបើកបរលឿនមិនប្រយ័ត្នបានជ្រុលទៅបុករះម៉ូតូជាច្រើនគ្រឿងដែលកំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ និងប្រុសស្រី៣នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបទួលពង្រ ខាងត្បូងផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជាច្រើនគ្រឿងបានជិះតាមផ្លូវ ៣០ម៉ែត្រពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេុតក៏បានឈប់រង់ចាំភ្លើងពណ៌បៃតង ស្របពេលនោះដែរក៏មានបុរសម្នាក់បានបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5134 មកពីក្រោយក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករះម៉ូតូជាច្រើនគ្រឿងបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ ខណៈដែលម៉ូតូខ្លះខូចខាតតិចតួច ខ្លះខូចខាតច្រើន ។ ភ្លាមៗនោះនារីជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានចុះទៅដល់កន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វេីការវាសវែងយកម៉ូតូ០៣គ្រឿងដែលខូចខាតខ្លាំង និងរថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដេីម្បីធ្វើការដោះស្រាយគ្នានាពេលក្រោយ ។ ដោយឡែកម្ចាសម៉ូតូ២គ្រឿងទៀតឃេីញម៉ូតូរបស់ខ្លួនរងការខូចខាតបន្តិចបន្តួចនិងអ្នករបួសស្រាលក៏ស្នើសុំសមត្ថកិច្ចដើម្បីជិះទៅធ្វើការបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ