ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រុកព្រៃនប់ សហការជាមួយមេឃុំស្រុកព្រៃនប់ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ​ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ពិសេសបញ្ហា សណ្ដាប់ធ្នាប់ ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ អំពើហឹង្សាក្នុងគ្រួសារ អនាមយ័ស្អាត និងបរិស្ថានល្អ នៅវិទ្យាល័យ ហ៊ុន សែនព្រៃនប់ ដោយមានការចូលរួមពី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ 

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃ​ដដែល​នេះ​ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ 

សូមជម្រាបជូនថា៖​ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ៕

ដោយ៖សហការី


ចែករំលែក៖