ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់​ការចែកចាយ ឫ​លក់​ផលិតផលគ្រឿងសម្អាង ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ La Roche – Possy in Phnom Penh កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ១.La Rochip-Posay Antholios Dry Touch, ២, La Rochia-Posay/ COMBO និងផលិតផលគ្រឿងសម្អាងផ្សេងៗទៀតគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពី ក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿការផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងទាំងនេះ និង មិនត្រូវប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើឡើយ។ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿង សម្អាងទាំងអស់ខាងលើនេះជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ La

Roche-Posay Anthelios Dry Touch & La Roche-Posay COMBO LARY WART REMOVER ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿង សម្អាងគ្មានលេខប្រវេទន៍ខាងលើនេះសូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦ 

ដោយ : សិលា


ចែករំលែក៖