ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាពនិងទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យក្រុមការងារនិងក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក។

សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន ២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការ កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ (Archetype (Cambodia Ltd) និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី (TCV Engineering Co. Ltd) ។ បន្ទាប់ពីបទ បង្ហាញ ដែលបានបង្ហាញពីវឌ្ឍនភាព ការងារ នៃការសាងសង់កំពុងដំណើរការយ៉ាងមមាញឹក ជាពិសេសការអនុវត្តការសាងសង់គ្រឹះ ក្រោមនៃសំណង់នោះ សម្តេចប្រធានរដ្ឋសភា បានស្នើ ដល់ក្រុមការងារនិងក្រុមហ៊ុនទាំងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ហ្មត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើអង្គភាពគ្រប់គ្រងគម្រោង បន្តសម្របសម្រួល ជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការសាងសង់បានប្រព្រឹត្តទៅដោយរលូន ជាពិសេសអង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ត្រូវសហការគ្នាឱ្យបានល្អ ដោយអនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដូចមានកំណត់ក្នុងកិច្ចសន្យា បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។តាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ។

 ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះដល់រដ្ឋសភាកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖