ខេត្តស្ទឹងត្រែង ៖ ទីតាំងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ាង ត្រូវបានគេបើកលួចលេង តាមចំការកៅស៊ូ ចំការស្វាយចន្ទី ប្រមូលផ្តុំគ្នាយ៉ាងប្រសេចប្រសាច ហាក់មិនឆ្ងាយពីក្រសែភ្នែក សមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទេ ឈានដល់ប្រជាពលរដ្ឋដាក់ភាពសង្ស័យថា, ការលួចលេងអាចជាប់ជំពាក់ នឹងការយោគយល់ ក្នុងប្រយោជន៍ណាមួយ ទើបពួកគេលួចលេងបានយ៉ាងរលូន ។
បើយោងតាមប្រជាពលរដ្ឋរាយការណ៍មក ទីតាំងសង្វៀនបញ្ជល់មាន់នេះ ស្ថិតនៅភូមិវាលអំពេល ម្តុំអូរពងមាន់ ក្រុង-ខេត្ត ស្ទឹងត្រែង។ ជាទម្លាប់ក្នុង១សប្តាហ៍ គេបើកលេង៤ដង គឺថ្ងៃពុធ-ថ្ងៃព្រហស្បត៍ និងថ្ងៃសៅរ៍-ថ្ងៃអាទិត្យ ជាមួយវង់អាប៉ោង ស្រែកហូរកញ្ចៀវរំពងពេញចំការកៅស៊ូនោះតែម្តង ។
ដោយឡែកម្ចាស់ង្វៀនបញ្ជល់មាន ដែលបើកវង់អាប៉ោងផងនោះមានឈ្មោះ (គ្រូដូរ) ដែលជាគ្រូពេទ្យនៅក្រុង-ខេត្តស្ទឹងត្រែងនោះ។
ការបើកលេងនេះ បានដំណើរការជាយូរមកហើយ ប្រជាពលរដ្ឋសង្ឃឹម នឹងមានជំនឿថា, សមត្ថកិច្ច និងអាជ្ញាធរ អាចចាត់វិធានការបង្ក្រាប លុបបំបាត់បទល្មើស ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ជៀសផុត ពីបទល្មើសផ្សេងៗ ខណៈបនល្បែងនេះ ជាប្រភពផ្តើមឱ្យមានបទល្មើស ។
ពាក់ព័ន្ធករណីនេះអធិការនគរបាលក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, លោកអរគុណការផ្តល់ព័ត៌មាន និងសួរជុំវិញបញ្ហា ដែលជាតម្រុយមួយដើម្បីលោកមានវិធានការ ត្រូវឱ្យកម្លាំងជំនាញ ស៊ើបអង្កេត ស្រាវជ្រាវ បើមានមែនត្រូវបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ៕
ដោយ ៖ ស សម