ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនប្រកាសកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេស

ចែករំលែក៖

កាលពីថ្ងៃទី១៩ខែតុលា អ៊ុយក្រែនបានស្នើដល់ពលរដ្ឋឱ្យសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីដើម្បីទប់ស្កាត់ពេល បណ្តាញអគ្គិសនីរងការខូចខាតខណៈរដូវរងាជិតមកដល់។ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បញ្ជាក់ថា អ៊ុយក្រែននឹងកាត់បន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីចាប់ពីថ្ងៃទី១៩ខែតុលាតទៅ ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា អ៊ុយក្រែនកំពុងដាក់កម្រិតលើការប្រើប្រាស់អគ្គិសនីទូទាំងប្រទេសជាលើកដំបូងនៅថ្ងៃ២០ខែតុលានេះក្រោយការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី ដែលបានបំផ្លាញរោងចក្រថាមពលមួយចំនួន ខណៈដែលរដូវរងាកាន់តែខិតជិតចូលមកដល់។
ជំនួយការប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការផ្គត់ផ្គង់ថាមពលនឹងត្រូវបានដាក់កម្រិតចន្លោះពីម៉ោង៧ព្រឹកដល់ម៉ោង១១យប់។ មន្ត្រីរដ្ឋាភិបាល និងប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បាននិយាយថា ការផ្តាច់ភ្លើងបណ្តោះអាសន្នអាចធ្វើទៅបានប្រសិនបើប្រជាជនមិនកាត់បន្ថយការប្រើប្រាស់អគ្គិសនី។

រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៉ីលនិងយន្តហោះដ្រូនលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹករបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបើតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គីបានបញ្ជាក់ គឺអាចនឹងមានការខូចខាតថ្មីបន្ថែមទៀតចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ៕

រូប​ថត​ ៖ CEPA

ដោយ៖ ធីរីណា(រូប​ថត​ ៖  Reuters)


ចែករំលែក៖