ព័ត៌មានទាន់ហេតុការណ៍៖

ផ្ដន្ទាទោសអតីតផ្កាយ២យោធា សូយ ចាន់សឿន ដាក់ពន្ធនាគារ១ឆ្នាំថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពព័តិមានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះថា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានចេញសាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់១ឆ្នាំថែមទៀត ក្រោមការចោទប្រកាន់ពីបទ « ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបទបរិហារបង្កាច់កេរ្តិ៍។

ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានតុលាការផ្ដន្ទាទោសដូចគ្នានេះដែរ និងបង្គាប់ឱ្យរួមគ្នាសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន១០លានរៀលផងដែរ។

    ដោយឡែកឈ្មោះ ធី សូចន្នា ត្រូវបានពិន័យជាប្រាក់ចំនួន១លានរៀលពីបទបរិហារបង្កាច់កេរ្តិ៍។

បច្ចប្បន្ននេះទណ្ឌិតឈ្មោះសូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺនិងម្នាក់ទៀតឈ្មោះ សូបិន ឡា ភេទប្រុស អាយុ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវបេតុង ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ធី សូចន្នា ភេទស្រី ( នៅក្រៅឃុំ ) ។

ជនត្រូវចោទទាំង៣នាក់បានរងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរជាអាជីវករនៅ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានចោទប្រកាន់ជនត្រូវ ចោទទាំង៣ ពីបទ«ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសនេះមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៥៣ នៃច្បាប់ភូមិបាល  នឹងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពី ឆ្នាំ២០១៩ និងនៅលើបណ្ដាញសង្គម ។

ដើមហេតុគឺនៅក្នុងអំឡុងឆ្នាំ២០១៩ ឈ្មោះកើត ខេង បានរៀបចំដីធ្លីដែលជាកម្មសិទ្ធិរបស់ខ្លួននៅស្រុកកៀនស្វាយខេត្តកណ្ដាលដែលមានរបងហ៊ុមព័ទ្ធរឹងមាំ ស្រាប់តែត្រូវឈ្មោះ សូយ ចាន់សឿននិង ឈ្មោះ សូ បិនឡា បានទៅគំរាមកំហែងនិងវាយកម្ទេចរបងថ្មនោះ ថែមទាំងយកថ្នាំពណ៌ទៅបាញ់ក្រវេមក្រវាម និងបង្កើតអាខោនហ្វេសប៊ុកជេរប្រមាថថែមទៀត ទើបលោកកើត ខេង ប្ដឹងតែម្ដង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖