ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបាញ់បញ្ជូនផ្កាយរណបពីរគ្រឿងឡើងទៅកាន់ទីអវកាសក្នុងពេលកំពុងតានតឹង

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីទើបតែបាញ់រ៉ុក្កែត Soyuz-2.1v នាំផ្កាយរណបយោធាពីរគ្រឿងឡើងទៅកាន់តារាវិថីផែនដី ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលរុស្សុីកំពុងតែប្រឈមមុខតានតឹងជាមួយប្រទេសលោកខាងលិច ។
សារព័ត៌មាន TASS របស់រុស្ស៊ីនៅថ្ងៃទី២២ខែតុលា បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា រ៉ុក្កែតរុញ Soyuz-2.1v បានបាញ់ចេញដោយជោគជ័យពីអាកាសយានដ្ឋានអវកាស Plesetsk ក្នុងតំបន់ Arkhangelsk នាំផ្កាយរណបយោធាពីរគ្រឿងប្រភេទ Cosmos-2561 និង Cosmos-2562 ឡើងទៅកាន់តារាវិថីផែនដី។
ផ្កាយរណបCosmos-2561 និង Cosmos-2562 ត្រូវបានដាក់ឈ្មោះទៅតាមលេខរៀងនៃការបាញ់ផ្កាយរណបតាំងពីសម័យសហភាពសូវៀតមក ។ រុស្ស៊ីមិនបានប្រកាសពីគោលដៅនៃការប្រើប្រាស់មីស៊ីលទាំងពីរខាងលើនោះឡើយ ។
នេះជាការបាញ់បង្ហោះផ្កាយរណបយោធាថ្មីបំផុតរបស់រុស្ស៊ី ។ កាលពីថ្ងៃទី១៦ខែតុលា រុស្ស៊ីក៏បានបាញ់មីស៊ីល Cosmos-2560 ដោយប្រើប្រាស់រ៉ុក្កែត Angara-1.2 នាំផ្កាយរណបយោធាសម្ងាត់ឡើងទៅកាន់ទីអវកាសដែរ។
ប្រទេសលោកខាងលិចចាត់ទុកថាផ្កាយរណបទាំងពីរខាងលើ គឺដើម្បីតាមដានយោធា ក្នុងពេលកំពុងតែតានតឹងជាមួយប្រទេសលោកខាងលិចក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ៕ ដោយ៖ធីរីណា

រូប​ថត​ ៖ Rianovosti


ចែករំលែក៖