ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្តាលឱ្យបាក់បែកអស់៣កង់ រួចបន្តទៅបុកឡំប្រឺតាក្រឡាប់ផ្ងារជើង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយដែលចតនៅមុខផ្ទះរងការខូចខាត តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BS-3568 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ៣៤២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងប៉ើងចំនួន៣កង់ រួចបន្តល្បឿនទៅបុកឡំប្រឺតា ពណ៌សពាក់ស្លាកលេខ កណ្តាល 1AE-5742 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូងបណ្តាលឱ្យក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តម៉ាកLexus GS300មួយគ្រឿងទៀត ដែលម្ចាស់ចតនៅខាងមុខផ្ទះចំពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតភ្លាមម្ចាស់រថយន្តបង្កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង និងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ