ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោសម្រាន្តពុំស្កប់ ខណៈភ្លេចផ្តល់ជំនួយដល់ស្រ្តីម្នាក់ដែលបាន សំណេះសំណាលជាមួយសម្តេចកាលពី ថ្ងៃទី២២ ខែតុលា, និងបង្ហាញអារម្មណ៍ត្រេកអរនៅពេលកម្ពុជាគ្មានអត្រាឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  ថាសម្ដេចមានអារម្មណ៍មិនស្កប់ក្នុងចិត្តក្រោយពីភ្លេចផ្ដល់ជំនួយជួយដល់ស្ត្រីម្នាក់ដែលមានបញ្ហាសុខភាព និងបានសំណេះសំណាលជាមួយសម្ដេចក្នុងពិធីដែលសម្ដេចជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់ពាក់ស្នែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋរងគ្រោះពីទឹកជំនន់ជាង ៥ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់ថ្ងៃទី២២ សម្ដេចសម្រាន្តពុំស្កប់នោះទេ និងបានបញ្ជាទាំងកណ្ដាលយប់ឱ្យជំនួយការសម្ដេច លោក សេង ទៀង ទាក់ទងស្វែងរកស្ត្រីម្នាក់នោះដើម្បីផ្ដល់ជំនួយឱ្យ។ សម្ដេចបង្ហាញក្ដីអាណិតអាសូរដល់ស្ត្រីម្នាក់នោះដែលមានជំងឺច្រើនក្នុងខ្លួន និងកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពគ្រួសារ ក្នុងនោះសម្ដេចក៏កោតសរសើរដល់ប្ដីរបស់ស្ដ្រីម្នាក់នោះផងដែរដែលថាជាប្ដីគំរូមួយ។ 

ជំនួយការសម្ដេចតេជោ លោក សេង ទៀង បានបញ្ជាក់ប្រាប់សម្ដេចតេជោនៅព្រឹកនេះផងដែរថា លោកបានរកឃើញស្ត្រីម្នាក់នោះហើយ និងបានផ្ដល់ជំនួយ ១ពាន់ដុល្លារសម្រាប់គាត់ផងដែរ។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថាជំងឺកូវីដ-១៩ មិនបានចេញឆ្ងាយនៅឡើយទេ តែថាទោះបីជាមានបញ្ហានេះក្ដីតែមិនគួរទុកប្រជាពលរដ្ឋចោលនោះទេ។ សម្ដេចថាបើគ្រាន់តែខ្លាចកូវីដហើយមិនហ៊ានចុះជួបពលរដ្ឋនោះមិនសាកសមជាថ្នាក់ដឹកនាំរដ្ឋនោះទេ។ 

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជាង៥ពាន់គ្រួសារ ព្រឹកថ្ងៃទី២៣ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាដែលគោរពនូវតួនាទី និងបានចុះជួយពលរដ្ឋទាំងក្នុងពេលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ។

កន្លងទៅ សម្តេចតេជោ ហ៊ុនសែន បានបង្ហាញអារម្មណ៍ត្រេកអរនៅពេលដែលកម្ពុជាគ្មានអត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលថាជាជោគជ័យមួយក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមគ្នាសម្រាប់ប្រទេសកម្ពុជា។

សម្តេចតេជោបានសង្កេតឃើញថា ពលរដ្ឋភាគច្រើនទម្លាប់ពាក់ម៉ាស តែក៏មានពលរដ្ឋខ្លះមិនពាក់ម៉ាស់ផងដែរ។ តែយ៉ាងណាសម្តេចលើកទឹកចិត្តឱ្យពលរដ្ឋបន្តពាក់ម៉ាស់ និងអនុវត្តតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ ៕ 

ដោយ ៖ សិលា


ចែករំលែក៖