ខេត្តពោធិ៍សាត់ ៖ នៅព្រឹក ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់លោក ចេង ឡៃ អភិបាលស្ដីទី នៃខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។
គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយ និងជំនះបញ្ហាដែលកើតមានដោយទឹកជំនន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងការដាំដុះដំណាំផ្សេងៗ។ សម្តេចតេជោ មិនភ្លេចនាំយកនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នៅក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោ បានមានប្រសាសន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ បានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដោះស្រាយជាស្បៀងនេះ ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង។
សម្តេចតេជោបានថ្លែងថា ការចែកស្រូវពូជស្រូវនេះ មិនបានបែងចែករវាងដីតូ ឬដីធំនោះទេ គឺចែក១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នាទាំងអស់។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាមួយរាជរដ្ឋាភិបាល ដែលទាំងអស់នេះជាការវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង។
នៅថ្ងៃនេះផងដែរ សម្តេចតេជោបានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាពេលកន្លងមក ពីព្រោះកន្លងមក អ្នកខេត្តពោធិ៍សាត់ គឺមានអត្រាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងគេ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅមុខប្រជាពលរដ្ឋថា នៅថ្ងៃម្សិលមិញកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ហើយរយៈពេល ៥ថ្ងៃហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩។នេះជាភាពជោគជ័យមួយរបស់កម្ពុជា ជាពិសេសវិធានការទប់ស្កាត់ ក៏ដូចជាយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា។
ទាក់ទងទៅនឹងបញ្ហានយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រខ្មែរ។
សម្តេចតេជោបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ ជនក្បត់ជាតិ មិនត្រឹមតែជេរសម្ដេចនោះទេ ថែមទាំងជេរប្រមាថដល់ព្រះមហាក្សត្រយើងទៀតផង។ ដូច្នេះសម្ដេចសូមប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងជនក្បត់ជាតិ៣ជំនាន់នេះ មិនត្រូវឱ្យជនក្បត់ជាតិនេះ បំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រនោះឡើយ។
មុននឹងបញ្ចប់ និងមុននឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំងជាបន្តទៀតនោះ សម្ដេចតេជោ ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព និងជួបការសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕
ដោយ៖ សូរិយា