ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុច បូររិទ្ធ បានទទួលជួប លោក Nicu NITĂ ប្រធានក្រុមមិត្តភាពសភាកម្ពុជា-រូម៉ានី ក្នុងឱកាសដែល លោកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Nicu NITĂ ប្រធានក្រុមមិត្តភាពសភាកម្ពុជា-រូម៉ានី ក្នុងឱកាសដែល លោកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកចម្រើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឆ្លងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទាំងផ្នែករដ្ឋ និងវិស័យឯកជនរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថា ទស្សនកិច្ចរបស់ លោក Nicu NITĂ អមដំណើរដោយគណៈប្រតិភូធុរកិច្ចរូម៉ានី នៅពេលនេះ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀតនាឆ្នាំខាងមុខ ។

 លោក Nicu NITĂ បានកោតសរសើរកម្ពុជា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង និងបានអបអរសាទរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា ប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ព្រមទាំងជូនពរកម្ពុជាក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ នេះ សូមទទួលបានជោគជ័យត្រចះត្រចង់បន្ថែមទៀតក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ ៕

ដោយ : សិលា


ចែករំលែក៖