ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងបញ្ជូនទាហាន៦ពាន់នាក់ចូលរួមធ្វើសមយុទ្ធវាយឡើងគោក

ចែករំលែក៖

កម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងប្រមាណ៦ពាន់នាក់ ក្នុងនោះមានទាហានជើងទឹកវាយឡើងគោកបានចូលរួមធ្វើសមយុទ្ធយោធា ។ នៅក្នុងសមយុទ្ធនោះកូរ៉េខាងត្បូងបានបញ្ជូនសម្ភារសឹកវាយឡើងគោក៤០គ្រឿង យន្តហោះចម្បាំង៥០គ្រឿង និងនាវាចម្បាំងជាង១០គ្រឿង ។
ក្នុងពេលនេះដែរ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញារួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំង៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់ មិនធ្លាប់មានពីមុនមកឡើយ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។
ការព្រមានខាងលើត្រូវបានចេញនៅថ្ងៃពុធនេះ ចំពោះមុខការបន្តបង្ហាញក្តីបារម្ភពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ដែលថាកូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងតូក្យូ ជាមួយវត្តមានអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeo Mori និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun-dong បាននិយាយដូច្នេះថា «យើងបានឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាននឹងត្រូវធ្វើជាចាំបាច់ ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទី៧»។
នាឱកាសនោះ លោកស្រី សឺមែន បានទទូចឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្កហេតុតទៅទៀត និងបានអះអាងផងដែរថា សហរដ្ឋអាមេរិកប្រើប្រាស់សមត្ថភាពយោធាគ្រប់បែបយ៉ាង ដើម្បីការពារជប៉ុននិងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ បើតាមការសង្កត់ធ្ងន់របស់លោកស្រី កូរ៉េខាងជើងត្រូវតែយល់ឱ្យច្បាស់អំពីការប្តេជ្ញាយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខនៃប្រទេសជប៉ុននិងកូរ៉េខាងត្បូង។
ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តសព្វាវុធក្នុងសន្ទុះមិនដែលឃើញពីមុនមកនោះទេ ដោយក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយខ្លី និងមធ្យមច្រើនជាង២០គ្រាប់ ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលផ្លោង១គ្រាប់ ហោះរំលងជប៉ុនថែមទៀតផង៕ ដោយ៖ ធីរីណា

រូប​ថត​៖​ Yonhap


ចែករំលែក៖