ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់អង្ករចំនួន ១០០តោន ដល់អាជ្ញាធរខេត្តស្វាយរៀង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃទឹកជំនន់លិចស្រូវ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃព្រហស្បតិ៍៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលអង្ករចំនួន ១០០តោន ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភាសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃទឹកជំនន់លិចស្រូវ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

លោក ម៉ែន វិបុល អភិបាលខេត្តមានប្រសាសន៍ថា អំណោយរបស់សម្តេចតេជោដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជួបទុក្ខលំបាកពិតប្រាកដ ទន្ទឹមនេះលោកអភិបាលខេត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អានគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖