ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ៖ ក្រុមស្រាវជ្រាវខាងបរិស្ថានរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុង ដែលសន្និដ្ឋានថាជាឆ្អឹងដាយណូស័រ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា, ក្រុមស្រាវជ្រាវខាងបរិស្ថាន បានប្រើរយៈពេលជិតមួយឆ្នាំ ដែលរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុង ដោយសន្និដ្ឋានថា ផូស៊ីលនេះជាឆ្អឹងដាយណូស័រ។

បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី មានប្រសាសន៍ថាក្រុមការងារនៃការរកឃើញផូស៊ីលនេះ គឺបានប្រើពេលរយៈពេលជិតមួយឆ្នាំកន្លងមកហើយ ដោយជាការសន្និដ្ឋានរបស់អ្នកជំនាញថា ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ។ ចំពោះផូស៊ីលសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ គឺស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

លោក ហ៊ុន ម៉ារ៉ាឌី បាននិយាយថា៖ «ក្រោយពីរកឃើញ យើងមិនទាន់សម្រេចយកទៅណាទេ ដោយសារនេះជាការស្រាវជ្រាវ និងជាការសម្រេចចិត្តរបស់ក្រសួងបរិស្ថានទេ ហើយខាងក្រសួងបរិស្ថាននឹងចុះមកសិក្សាលំអិតសិន ថាតើអ្វីដែលរកឃើញនេះ វាជាប្រភេទអ្វីប្រាកដ?។ 

លោកបន្តថា ៖«ប៉ុន្តែតាមការសន្និដ្ឋានរបស់អ្នកជំនាញ ជាបឋម គាត់បានបញ្ជាក់ថា ផូស៊ីល ដោយសង្ស័យថា ជាឆ្អឹងដាយណូស័រ ហើយលទ្ធផលជាប្រភេទអ្វី លុះត្រាតែត្រូវសិក្សាជាក់ស្ដែង»។

ក្រៅពីនេះទៀត ផូស៊ីលដែលរកឃើញនេះ លោក ម៉ារ៉ាឌី ថា មិនទាន់អាចបញ្ជាក់ថាឆ្អឹងនះមានទំហំប៉ុណ្ណានោះទេ ក៏ប៉ុន្តែទំហំនៃឆ្អឹងនេះមានទំហំរាងធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរីដែរ។

លោកបានបន្ថែមថា ៖«ខ្ញុំអត់ទាន់ច្បាស់ថា គេត្រូវចុះមកសិក្សាបន្តនៅពេលណាទេ ហើយយើងក៏មិនទាន់មានគោលការណ៍អីពីខាងក្រសួងថានឹងបន្តរក្សាឆ្អឹងនេះនៅទីតាំងដើម ឬក៏យកមករក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ?»។

សូមបញ្ជាក់ថា យោងតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺឯកឧត្តម សាយ សំអាល់ បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គមហ្វេសបុក ដោយបញ្ជាក់ថា ផូស៊ីលដែលរកឃើញនេះ វាជាឆ្អឹងដាយណូស័រដំបូង ដែលបានរកឃើញនៅស្រុកខ្មែរ៕

ប្រភព ៖ ក្រសួងបរិស្ថាន


ចែករំលែក៖