ព័ត៌មានទាន់ហេតុការណ៍៖

(ស.ស.យ.ក) ខេត្តកណ្តាលបានរៀបចំពិធីប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការខេត្ត និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលបានរៀបចំពិធីប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការខេត្ត និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ក្រោមអធិបតីភាព លោក សាយ សំអាល់ តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។ មានវត្តមានក្នុងអង្គពិធីផងដែរ រួមមាន លោកអនុប្រធាន  លោក លោកស្រី សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ទូទាំងខេត្តកណ្តាល សរុប ១៣១៧ នាក់។ 

ក្នុងនាម លោក ហ៊ុន ម៉ានី លោក សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក គីម រិទ្ធី ក្នុងរយៈកាលកន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមប្រធានជូនចំពោះសមាជិកសមាជិកាគ្រប់រូបដែលមានវត្តមានក្នុងអង្គពិធីផងដែរ។

លោក គង់ សោភ័ណ ប្រធាន ស.ស.យ.ក. ខេត្តកណ្តាលទទួលតំណែងថ្មី បានសម្តែងនូវសេចក្តីអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. ដែលបានផ្តល់ឱកាសដល់ លោកក្នុងការចូលរួមក្នុងកម្លាំងមហាសាមគ្គីនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបន្តស្មារតី ២ធ្នូ នៃបិតាស្ថាបនិករបស់ ស.ស.យ.ក.។

សូមបញ្ជាក់ថា លោក គង់ សោភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ជំនួស លោក គីម រិទ្ធី ដោយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ៕

ដោយ ៖ សហការី


ចែករំលែក៖