ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលី សូត្រមន្ត នៃអង្គព្រះ កឋិនទាន វត្តលង្កាព្រះកុសុមារាម

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលី សូត្រមន្ត នៃអង្គព្រះ កឋិនទាន វត្ត លង្កាព្រះកុសុមារាម ស្ថិតក្នុងរាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។

អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់   លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តនៃមូលដ្ឋាននីមួយៗ ដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋផងដែរ។

ពិធីបុណ្យបានប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមានពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និងថ្ងៃបន្ទាប់គឺមានពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ៕

ដោយ : សហការី


ចែករំលែក៖