ខេត្តកំពង់ស្ពឺ ៖ យោងតាមសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ០១ ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ខេត្តកំពង់ស្ពឺ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២) បានលើកឡើងនូវចំណុចសំខាន់ចំនួន ៣ ដូចខាងក្រោម ៖
១. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស, មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអបអរសាទរ ព្រមជាមួយនឹងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និង ចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ចំពោះសិក្ខាកាមវគ្គថ្មី សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗពីយោធាចារ្យសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។
២. ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ ការធ្វើទំនើបកម្មលើការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាពដែលមានសារៈសំខាន់ ដោយក្នុងនេះ ចាំបាច់ត្រូវផ្តោតលើទំនើបកម្មផ្នែកឯកសារ និងការស្រាវជ្រាវ, ទំនើបកម្មវិធីសិក្សា និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់សាលា។
៣. កងទ័ព គឺជាអាជីពដែលថ្លៃថ្នូរ ព្រោះជាអាជីពប្រកបដោយការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអាជីព ដែលមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ព្រមជាមួយនឹងភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពជូនប្រជាជន។ មួយវិញទៀត អាជីពនេះក៏ទាមទារផងដែរឱ្យយោធិនម្នាក់ៗ មានការហ្វឹកហ្វឺនរៀនសូត្រ និងហាត់ពត់លត់ដំទាំងផ្នែកស្មារតី និងកាយសម្បទា ដើម្បីឱ្យមានភាពជាអ្នកដឹកនាំ, ការគោរពវិន័យ, ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់ សំដៅធានាប្រសិទ្ធភាពខ្ពស់បំផុតនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ។
#Hunmanet #Cambodia ៕
ដោយ ៖ សហការី