ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ គ្រោងនឹងទៅចូលរួមក្នុងពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រោយបញ្ចប់ការចែកពូជស្រូវ និងស្បៀងអាហារដល់ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តកំពង់ធំជាង ៦ពាន់នាក់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាសម្ដេចគ្រោងនឹងទៅចូលរួមក្នុងពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា, ពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០២២។ អាជ្ញាធរខេត្តកណ្តាលបានរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងបិទផ្លូវមួយចំនួនមិនឱ្យឡានបើកឆ្លងកាត់ ជៀសវាងកកស្ទះចរាចរណ៍។ 

ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាព ចំនួន ៧៨៤នាក់។

ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។

ក្នុងពិធីនោះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ។

រដ្ឋបាលខេត្តកណ្តាលអំពាវនាវពលរដ្ឋ ចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើ ដើម្បីញុំាំងឱ្យព្រឹ្តត្តិការណ៍នេះប្រព្រឹត្ដទៅដោយជោគជ័យ។ ជាមួយគ្នាត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព «៣កុំនិង៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយភាពសប្បាយរីករាយ។ 

សូមជម្រាបជូនថា, នៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរ លោក ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ចុះត្រួតតាមបណ្តាគោលដៅនៅសួនច្បារមាត់ទន្លេ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ខេត្តកណ្តាល ៕

ដោយ : សិលា


ចែករំលែក៖